ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅព្រឹកនេះថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ នឹងស្ថិតក្នុងស្ថានភាពអាកាសធាតុមានភ្លៀងកក់ខែ លាយឡំនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះ ប្រមាណជា១៥ភាគរយនៃផ្ទៃដី។
ក្រៅពីរាជធានីភ្នំពេញ ខេត្តដែលរងផលប៉ះពាល់រួមមាន៖ បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប, កំពង់ឆ្នាំង, កំពង់ធំ, ត្បូងឃ្មុំ, ស្វាយរៀង, ព្រៃវែង, តាកែវ និងកណ្តាល។

ចំណែកខេត្តនៅតំបន់ខ្ពង់រាប ដូចជា កំពង់ស្ពឺ, ប៉ៃលិន, ស្ទឹងត្រែង, ឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, រតនគីរី, មណ្ឌលគីរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងកក់ខែ ជាមួយនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះ ប្រមាណជា១០ភាគរយ។
សម្រាប់តំបន់មាត់សមុទ្រ រួមមាន កោះកុង, ព្រះសីហនុ, កំពត, កែប និងជួរភ្នំបូកគោ អាចមានភ្លៀងកក់ខែ និងផ្គររន្ទះ ប្រមាណជា២០ភាគរយ។ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នពីបាតុភូតធម្មជាតិនេះ៕
