កំពង់ស្ពឺ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអធ័មនៅកណ្ដាលផ្លូវជាតិលេខ៤ បន្ទាប់ពីត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកល្បឿនលឿនបុកពេញទំហឹង ខណៈដែលគាត់កំពុងដើរឆ្លងផ្លូវ។ ក្រោយបង្កហេតុ តៃកុងរថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល ដោយមិនព្រមឈប់ចុះជួយសង្គ្រោះឡើយ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ០៥:២០ ទៀបភ្លឺ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៥ ដល់៧៦ លើផ្លូវជាតិលេខ៤ ក្នុងភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមប្រភពពីនគរបាលចរាចរណ៍ស្រុកភ្នំស្រួចបានឲ្យដឹងថា មុនកើតហេតុ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ដែលមិនស្គាល់ឈ្មោះអ្នកបើកបរ បានធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីទិសខាងកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ (សង្ស័យជាមនុស្សសតិមិនប្រក្រតី) កំពុងដើរឆ្លងផ្លូវពីជើងទៅត្បូង ត្រូវបានរថយន្តបុកបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ជនរងគ្រោះជាភេទប្រុស អាយុប្រហែល៣០ឆ្នាំ កម្ពស់ប្រហែល១,៦០ម៉ែត្រ ស្លៀកពាក់អាវដៃវែងខ្មៅ ខោជើងខ្លីពណ៌ខ្មៅ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តក្រោលគោ ដោយកំពុងស្វែងរកសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ននគរបាលជំនាញកំពុងស្រាវជ្រាវស៊ើបសង្កត់រករថយន្ត និងអ្នកបើកបរដែលរត់គេចខ្លួន ដើម្បីចាប់ខ្លួននាំមកផ្ដន្ទាទោសតាមច្បាប់។

