កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានក្លាយជាសមរភូមិនៃវោហារស័ព្ទដ៏ក្ដៅគគុក បន្ទាប់ពីតំណាងរុស្សីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានចេញមុខការពារអ៊ីរ៉ង់យ៉ាងខ្លាំងក្លា និងបានបរិហារបណ្ដាប្រទេសលោកខាងលិចទាំងស្រួចៗថាជា «ចោរ»។

ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ លោក Nebenzia បានអះអាងថា៖ «អ៊ីរ៉ង់មានសិទ្ធិពេញលេញ ក្នុងការរឹតត្បិតចរាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz។ ប្រទេសលោកខាងលិច ព្យាយាមទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើអ៊ីរ៉ង់»។
តំណាងរុស្ស៊ីរូបនេះបានបន្ថែមទៀតថា ក្នុងគ្រាមានសង្គ្រាម រដ្ឋជាប់ឆ្នេរសមុទ្រដែលរងការវាយប្រហារ សុទ្ធតែអាចកំណត់ការធ្វើនាវាចរណ៍ក្នុងដែនទឹករបស់ខ្លួន ក្នុងគោលបំណងសន្តិសុខ។
ក្នុងវេទិកាដដែល លោក Nebenzia បានប្រើពាក្យពេចន៍ដ៏ខ្លាំងក្លាថា៖ «ខុសពីចោរសមុទ្រ ដែលលើកទង់ខ្មៅនិងក្បាលខ្មោច បណ្ដាប្រទេសលោកខាងលិច កំពុងព្យាយាមលាក់បាំងសកម្មភាពខុសច្បាប់របស់ពួកគេ ដោយយោងទៅលើវិធានការបង្ខិតបង្ខំឯកតោភាគី ប៉ុន្តែតាមពិតអឺរ៉ុប កំពុងចូលរួមក្នុងអំពើប្លន់នៅសមុទ្រទាំងកណ្តាលវាល»។
ព្រឹត្តិការណ៍នេះកើតឡើងចំពេលដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីជួបថ្នាក់ដឹកនាំកំពូលៗ រួមទាំងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ផងដែរ។ នេះបង្ហាញពីការរួមកម្លាំងគ្នារវាងមូស្គូ និងតេហេរ៉ង់ ក្នុងភាពមិនច្បាស់លាស់នៃស្ថានការណ៍ពិភពលោក។
គួរបញ្ជាក់ថា លោក ពូទីន បានចេញមុខធានាថា នឹងធ្វើគ្រប់យ៉ាងដើម្បីសន្តិភាព ដែលអ្នកវិភាគមើលឃើញថា ជាការផ្ដល់កម្លាំងចិត្តដល់ទីក្រុងតេហេរ៉ង់ និងជាសញ្ញាបង្ហាញថា ទីក្រុងមូស្គូកំពុងបង្កើនឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង ក្នុងការសម្រេចជោគវាសនានៅតំបន់មជ្ឈិមបូព៌ា។
