
ការវាយប្រហារដោយគ្រាប់បែកយ៉ាងឃោរឃៅលើផ្លូវល្បឿនលឿនPan-American នៅភាគនិរតីប្រទេសកូឡុំប៊ី បានបណ្តាលឱ្យមនុស្ស១៩នាក់ស្លាប់ និងយ៉ាងហោចណាស់៣៨នាក់រងរបួស ក្នុងអំពើហិង្សាចុងក្រោយមុនការបោះឆ្នោតប្រធានាធិបតីខែក្រោយ។

យោងតាមទីភ្នាក់ងារAFP កាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០២៦ ឡានក្រុង និងរថយន្តជាច្រើនត្រូវបានបំផ្លាញខ្ទេចខ្ទី និងក្រឡាប់ដោយកម្លាំងផ្ទុះយ៉ាងខ្លាំង។ អភិបាលនាយកដ្ឋាន Cauca បានបញ្ជាក់ចំនួនអ្នកស្លាប់ ១៤នាក់នៅពេលដំបូង មុនកើនដល់ ១៩នាក់។
មេបញ្ជាការយោធា លោក Hugo Lopez ប្រាប់សន្និសីទសារព័ត៌មានថា៖ «គ្រាប់បែកបានផ្ទុះ បន្ទាប់ពីក្រុមវាយប្រហារបានបញ្ឈប់ចរាចរណ៍ដោយបិទផ្លូវជាមួយឡានក្រុង និងយានយន្តផ្សេងទៀត»។

ការវាយប្រហារនេះកើតឡើងជាងមួយខែ មុនការបោះឆ្នោតជ្រើសរើសអ្នកស្នងតំណែងប្រធានាធិបតី លោក Gustavo Petro។ អំពើហិង្សានេះក៏កើតឡើងបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃសុក្រលើមូលដ្ឋានយោធាក្នុងទីក្រុង Cali បណ្តាលឱ្យមនុស្សពីរនាក់រងរបួស និងបង្កឱ្យមានការវាយប្រហារជាបន្តបន្ទាប់នៅក្នុងតំបន់ Valle del Cauca និង Cauca។
ប្រែសម្រួល៖ ណឺ មិនា
