តៃវ៉ាន់ប្រុងប្រយ័ត្នខ្ពស់! ចិនបញ្ជូនយន្តហោះ ២២គ្រឿង និងនាវាចម្បាំង ៩គ្រឿង ចូលមកជិតកោះប៉េងហ៊ូ

តៃវ៉ាន់ប្រុងប្រយ័ត្នខ្ពស់! ចិនបញ្ជូនយន្តហោះ ២២គ្រឿង និងនាវាចម្បាំង ៩គ្រឿង ចូលមកជិតកោះប៉េងហ៊ូ

តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសពីការរកឃើញយន្តហោះយោធាចិនចំនួន ២២ គ្រឿង និងនាវាចម្បាំងចំនួន ៩ គ្រឿង ដែលកំពុងប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ ជាពិសេសនៅតំបន់ក្បែរកោះប៉េងហ៊ូ ក្នុងច្រកសមុទ្រតៃវ៉ាន់។

តបទៅនឹងស្ថានការណ៍នេះ តៃវ៉ាន់បានដាក់ពង្រាយយន្តហោះចម្បាំង នាវាចម្បាំង និងប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ ដើម្បីតាមដាននិងឃ្លាំមើលសកម្មភាពរបស់យោធាចិនយ៉ាងដិតដល់។

នៅព្រឹកថ្ងៃទី ២៨ ខែមេសា ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា នាវាចម្បាំងចិនចំនួនពីរគ្រឿងទៀតត្រូវបានរកឃើញកំពុងប្រតិបត្តិការនៅក្នុងដែនទឹកក្បែរកោះប៉េងហ៊ូ ដែលជាទីតាំងមូលដ្ឋានទ័ពជើងទឹក និងអាកាសដ៏សំខាន់របស់តៃវ៉ាន់។

ក្រសួងក៏បានចេញផ្សាយផែនទីបង្ហាញពីទីតាំងយន្តហោះចិនដែលភាគច្រើនស្ថិតនៅក្នុងច្រកសមុទ្រ និងនៅភាគខាងជើង និងភាគនិរតីនៃកោះ ព្រមទាំងរូបភាពពីលើអាកាសនៃនាវាចម្បាំងទាំងពីរ ប៉ុន្តែមិនបានបញ្ជាក់ទីតាំងពិតប្រាកដនោះឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៧ ខែមេសា តៃវ៉ាន់ធ្លាប់បានរាយការណ៍ពីការរកឃើញនាវាពិឃាតចិនមួយគ្រឿង និងនាវាចម្បាំងមួយគ្រឿងទៀត ដែលបានចូលទៅក្នុងដែនទឹកភាគនិរតីនៃកោះប៉េងហ៊ូផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រសួងការពារជាតិចិនមិនទាន់បានឆ្លើយតបនឹងព័ត៌មាននេះនៅឡើយទេ។ ប៉ុន្តែកាលពីដើមខែ ក្រសួងការពារជាតិចិនបានបញ្ជាក់ជាថ្មីថា សកម្មភាពយោធាជាប្រចាំរបស់ចិននៅជុំវិញតៃវ៉ាន់គឺ «សមហេតុផលទាំងស្រុង»៕

administrator

Related Articles