លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃទី២៧ ខែមេសា ថា លោកនឹងបន្តកាន់តំណែងដឹកនាំគណបក្សពលករ (Labour Party) ទៅកាន់ការបោះឆ្នោតសកលលើកក្រោយ បើទោះបីជាភាពចម្រូងចម្រាសជុំវិញការតែងតាំងលោក Peter Mandelson ជាឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក នៅតែបន្តកើតមានក៏ដោយ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Sunday Times លោក Starmer បានច្រានចោលការប៉ាន់ស្មានដែលថាលោកនឹងត្រូវបង្ខំឲ្យលាលែងពីតំណែង ដោយចាត់ទុកការលើកឡើងទាំងនោះថាគ្រាន់តែជា «ពាក្យចចាមអារ៉ាម» ប៉ុណ្ណោះ។ លោកបានទទួលស្គាល់ថាការតែងតាំងលោក Mandelson ជាកំហុសមួយ ហើយបានសម្ដែងការខកចិត្តដែលរឿងអាស្រូវនេះកំពុងបិទបាំងបញ្ហាសំខាន់ៗដទៃទៀត។
បណ្តាគណបក្សប្រឆាំងបានអំពាវនាវឲ្យមានការស៊ើបអង្កេតលើលោក Starmer ជុំវិញសេចក្តីថ្លែងការណ៍នៅក្នុងសភា ដែលថា «នីតិវិធីត្រឹមត្រូវ» ត្រូវបានអនុវត្តក្នុងការតែងតាំងនេះ។ រឿងអាស្រូវនេះបានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណជន មុនការបោះឆ្នោតក្នុងស្រុកនាខែឧសភា ដែលគណបក្សពលករត្រូវបានគេព្យាករណ៍ថានឹងខាតបង់យ៉ាងខ្លាំង។
