បង្ក្រាបទីតាំងឆបោកអនឡាញក្នុងក្រុងប៉ោយប៉ែត ដកហូតសម្ភារៈមួយចំនួន និងឃាត់ខ្លួនជនបរទេស

បង្ក្រាបទីតាំងឆបោកអនឡាញក្នុងក្រុងប៉ោយប៉ែត ដកហូតសម្ភារៈមួយចំនួន និងឃាត់ខ្លួនជនបរទេស

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងមួយកន្លែង ដែលសង្ស័យថាពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រូបភាពទីតាំងបង្ក្រាប

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧និង០០នាទី ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវិរៈ អគ្គស្នងការរងនគរបាលជាតិ។

រូបភាពកម្លាំងប្រតិបត្តិការ

ទីតាំងដែលត្រូវបានឆែកឆេរ ជាអគារផ្ទះ៣ល្វែង កម្ពស់៣ជាន់ មានបន្ទប់សរុបចំនួន២២បន្ទប់ ។ នៅជាន់លើ កម្លាំងសមត្ថកិច្ចបានរកឃើញសម្ភារៈវត្ថុតាងមួយចំនួន ដូចជាទូរស័ព្ទដៃ និងកុំព្យូទ័រមួយចំនួន (មិនទាន់រាប់) ដែលសង្ស័យថាប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស។

រូបភាពវត្ថុតាង

តាមព័ត៌មានបឋម ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញជនបរទេសមួយចំនួន រួមទាំងស្ត្រីផងដែរ។ បច្ចុប្បន្ននេះ ជនបរទេសទាំងអស់កំពុងត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ និងបន្តនីតិវិធី។

រូបភាពជនសង្ស័យ

ដោយឡែក វត្ថុតាងដែលបានរកឃើញកំពុងដំណើរការរាប់ចំនួន ដើម្បីយកទៅធ្វើការកត់ត្រា និងចាត់ការតាមច្បាប់បន្តទៀត។ ប្រតិបត្តិការនេះ ក៏មានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ផងដែរ។

រូបភាពទីតាំងអគារ

administrator

Related Articles