រាជធានីភ្នំពេញ ៖ ធនាគារ ABA បានប្រកាសលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ 2025 ដោយបន្តរក្សាតំណែងជាធនាគារពាណិជ្ជធំជាងគេរបស់កម្ពុជា ជាមួយនឹងកំណើនគ្រប់សូចនាករហិរញ្ញវត្ថុសំខាន់ៗ។
ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនដល់ 16.2 ពាន់លានដុល្លារ កើនបាន 17% ធៀបនឹងឆ្នាំមុន។ ប្រាក់បញ្ញើអតិថិជនក៏កើន 17% ដល់ជិត 13 ពាន់លានដុល្លារ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ប្រជាជនរាប់លាននាក់។ ក្នុងឆ្នាំនេះ ABA បានពង្រីកប្រាក់កម្ចីថ្មីជិត 1 ពាន់លានដុល្លារ ដោយគាំទ្រអាជីវកម្មនិងគម្រោងជាតិធំៗ។

លោក យូ ភារម្យ អនុប្រធានធនាគារ ABA មានប្រសាសន៍ថា៖ «កំណើននេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រសេដ្ឋកិច្ចជាតិ និងពង្រឹងទំនុកចិត្តលើវិស័យធនាគារកម្ពុជា»។ ធនាគារទទួលបានប្រាក់ចំណេញសុទ្ធ 377.5 លានដុល្លារ កើន 26% និងបានរួមចំណែកពន្ធ 131 លានដុល្លារដល់ថវិការដ្ឋ។
ABA បន្តវិនិយោគលើនវានុវត្តន៍ បច្ចេកវិទ្យាទំនើប និងធនធានមនុស្ស ដោយបានបង្កើតការងារជាង 10,300 កន្លែង។ បច្ចុប្បន្នធនាគារមានសាខា 104 និងម៉ាស៊ីនស្វ័យសេវាជាង 1,900 ទូទាំងប្រទេស។
ជាមួយមូលធនភាគហ៊ុនិក 2.7 ពាន់លានដុល្លារ ABA នៅតែមានជំហររឹងមាំដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ចនិងផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៅកម្ពុជា។ អត្ថបទសហការ
