ម៉ាឡេស៊ីចង់យកភ្នំពេញធ្វើគំរូ! រដ្ឋកេឡានតាន់សុំរៀនសូត្រពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ម៉ាឡេស៊ីចង់យកភ្នំពេញធ្វើគំរូ! រដ្ឋកេឡានតាន់សុំរៀនសូត្រពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ រដ្ឋកេឡានតាន់ ប្រទេសម៉ាឡេស៊ី បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការយករាជធានីភ្នំពេញធ្វើជាគំរូសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយសារភ្នំពេញមានការរីកចម្រើនបែបទំនើប រួមផ្សំជាមួយបេតិកភណ្ឌ និងភាពវៃឆ្លាត ដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន។

ជំនួបភ្នំពេញ-កេឡានតាន់

នេះជាការលើកឡើងរបស់លោក Haji Zulkifle Abdul Rahman ប្រធានក្រុមប្រឹក្សាក្រុងកូតាបារូ រដ្ឋកេឡានតាន់ ប្រទេសម៉ាឡេស៊ី ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហួត ហៃ អភិបាលស្ដីទី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

កិច្ចពិភាក្សាសហការ

លោក Haji Zulkifle Abdul Rahman បានមានប្រសាសន៍ថា រាជធានីភ្នំពេញសំបូរទៅដោយបេតិកភណ្ឌ និងកំណើនសេដ្ឋកិច្ចខ្ពស់ ដូច្នេះរដ្ឋកេឡានតាន់ចង់សិក្សារៀនសូត្រ និងបង្កើនកិច្ចសហការឲ្យកាន់តែល្អប្រសើរ។ លោកបញ្ជាក់ថា គោលបំណងមកទស្សនាភ្នំពេញដោយសារឮអ្នកទេសចរ ជាពិសេសអ្នកទេសចរមកពីរដ្ឋកេឡានតាន់ បានកោតសរសើរថាភ្នំពេញជាទីក្រុងស្រស់ស្អាត និងមានភាពទាក់ទាញ។

កិច្ចប្រជុំភ្នំពេញ

“យើងចង់យកភ្នំពេញជាគំរូក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលអាចទាក់ទាញភ្ញៀវទេសចរបានជាហូរហែ ពិសេសការអភិវឌ្ឍបែបទំនើប បេតិកភណ្ឌ និងវៃឆ្លាត ទោះបីមិនបាន១០០%% ក៏អាចបាន៥០ ទៅ៦០%% ដែរ” លោក Haji Zulkifle Abdul Rahman បានបញ្ជាក់។

គណៈប្រតិភូម៉ាឡេស៊ី

ក្នុងឱកាសនោះ លោក Haji Zulkifle Abdul Rahman ក៏បានសុំឲ្យរាជធានីភ្នំពេញបង្ហាញផ្លូវ និងបង្រៀនអំពីការអភិវឌ្ឍរៀបចំរាជធានី ដើម្បីយកជាគំរូ។ ជាមួយគ្នានេះ លោកក៏បានអញ្ជើញប្រតិភូរដ្ឋបាលរាជធានីភ្នំពេញទៅទស្សនាក្រុងកូតាបារូនាពេលខាងមុខផងដែរ។

កិច្ចសហប្រតិបត្តិការ

លោក ហួត ហៃ អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងនាមតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តកិច្ចសហការបន្ថែមទៀតជាមួយក្រុងកូតាបារូ ដោយថ្ងៃខាងមុខគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញនឹងទៅទស្សនាក្រុងកូតាបារូវិញ៕

រូបភាពកិច្ចប្រជុំ
រូបភាពបន្ថែម

ដោយ៖ សំរិត

administrator

Related Articles