ហេសបូឡា​ប្ដេជ្ញាការពារទឹកដី​ ចោទអ៊ីស្រាអែលរំលោភបទឈប់បាញ់​វិញ

ហេសបូឡា​ប្ដេជ្ញាការពារទឹកដី​ ចោទអ៊ីស្រាអែលរំលោភបទឈប់បាញ់​វិញ

ក្រុមសកម្មប្រយុទ្ធហេសបូឡានៅលីបង់បានច្រានចោលការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលថាក្រុមនេះកំពុងធ្វើឲ្យបទឈប់បាញ់នៅលីបង់ធ្លាក់ចូលក្នុងគ្រោះថ្នាក់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Times of Israel កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្រុមហេសបូឡាបានបញ្ជាក់ថា ពួកគេនឹងបន្តសងសឹកនឹងអ្វីដែលហៅថា «ការរំលោភបំពានរបស់អ៊ីស្រាអែល និងការកាន់កាប់ទឹកដីភាគខាងត្បូងនៃប្រទេសលីបង់»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហេសបូឡាបានលើកឡើងថា ការវាយប្រហាររបស់ខ្លួនលើគោលដៅអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ និងភាគខាងជើងអ៊ីស្រាអែល គឺជាការឆ្លើយតបស្របច្បាប់ទៅនឹងការរំលោភបំពានជាបន្តបន្ទាប់របស់សត្រូវលើកិច្ចព្រមព្រៀងឈប់បាញ់ ចាប់តាំងពីថ្ងៃដំបូងនៃការប្រកាសបទឈប់បាញ់បណ្ដោះអាសន្នមក។

ក្រុមហេសបូឡាអះអាងយ៉ាងម៉ឺងម៉ាត់ថា ការបន្តរំលោភលើបទឈប់បាញ់ជាបន្តបន្ទាប់របស់សត្រូវ និងការបន្តកាន់កាប់ទឹកដីលីបង់ នឹងត្រូវជួបជាមួយនឹងការតស៊ូដែលត្រៀមខ្លួនជាស្រេចដើម្បីការពារទឹកដី និងប្រជាជនរបស់ខ្លួន។

ទោះជាយ៉ាងណា កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ពួកគេវាយប្រហារតែលើគោលដៅដែលជាការគំរាមកំហែងផ្ទាល់ដល់កងកម្លាំងរបស់ខ្លួនប៉ុណ្ណោះ។ យោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ អ៊ីស្រាអែលមិនត្រូវបានតម្រូវឲ្យដកកងទ័ពចេញពីភាគខាងត្បូងប្រទេសលីបង់ភ្លាមៗនោះទេ។

ហេសបូឡាលីបង់

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles