ខេត្តបាត់ដំបង៖ ភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់យ៉ាងគំហុក បានវាយប្រហារទៅលើស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៦ មេសា ដោយស្រុកសង្កែ និងស្រុកសំឡូត រងគ្រោះធ្ងន់ធ្ងរជាងគេ។

យោងតាមរបាយការណ៍ពីអាជ្ញាធរក្នុងតំបន់ នៅស្រុកសង្កែ ខ្យល់កន្ត្រាក់បានប៉ះពាល់ដល់ឃុំចំនួន៣ រួមមាន ឃុំអន្លង់វិលខូចខាតផ្ទះ៣ខ្នង ឃុំអូរដំបង២ខូចខាតរហូតដល់២៧ខ្នង និងឃុំវត្តតាមិមខូចខាត២ខ្នង សរុបទាំងអស់៣២ខ្នង។

អធិការស្រុកសង្កែ លោក យុត តុងហូរ បានឱ្យដឹងថា ខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំង ធ្វើឱ្យលំនៅឋានប្រជាពលរដ្ឋភាគច្រើនខូចខាតដំបូល តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

ចំណែកនៅស្រុកសំឡូតវិញ ជាស្រុកសម្បូរដំណាំយុទ្ធសាស្ត្រច្រើនជាងគេ ខ្យល់កន្ត្រាក់បានធ្វើឱ្យខូចខាតផ្ទះពលរដ្ឋ៣ខ្នង រួមទាំងសាលាបឋមសិក្សាមួយខ្នងនៅឃុំស៊ុង តែអ្វីដែលគួរឱ្យស្តាយបំផុតនោះ គឺការខូចខាតដំណាំទុរេនយ៉ាងដំណំ។

អធិការស្រុកសំឡូត លោក មែន រីម បានឱ្យដឹងថា ខ្យល់កន្ត្រាក់បានវាយប្រហារយ៉ាងខ្លាំង ជាពិសេសនៅឃុំស៊ុង ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ចម្ការទុរេនចំនួន១៧កន្លែងត្រូវបានខូចខាត ដើមទុរេនខ្លះរលំ ខ្លះបាក់មែក ហើយផ្លែទុរេនជិត៣,០០០ផ្លែ ដែលជិតដល់រដូវប្រមូលផល ត្រូវបានខ្យល់កន្ត្រាក់ទម្លាក់ធ្លាក់រាយប៉ាយពេញដី។

ម្ចាស់ចម្ការបានត្រិមដើរពិនិត្យមើលផ្លែទុរេនដែលធ្លាក់រាយប៉ាយពេញដី ដោយក្តីសោកស្តាយជាទីបំផុត ព្រោះការខូចខាតនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណូលរបស់ពួកគាត់។


គួរបញ្ជាក់ថា បាតុភូតខ្យល់កន្ត្រាក់នេះបានកើតឡើងស្ទើរព្រមៗគ្នាក្នុងថ្ងៃតែមួយ ដោយមានភ្លៀងធ្លាក់លាយឡំ តែមូលហេតុចម្បងគឺខ្យល់បក់ខ្លាំងដែលបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ។


បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានកំពុងបន្តស្ទង់មើលការខូចខាត និងរៀបចំផែនការជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះ។






សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរកំពុងចុះជួយសម្រួល និងប្រមូលទិន្នន័យការខូចខាត ដើម្បីដាក់ស្នើសុំជំនួយបន្ថែមពីថ្នាក់ខេត្ត។
