ទីក្រុងកៀវ៖ នៅថ្ងៃខួបទី៤០ឆ្នាំនៃព្រឹត្តិការណ៍ឆេះរោងចក្រនុយក្លេអ៊ែរឆឺណូប៊ីល (Chernobyl) រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនយ៉ាងខ្លាំងក្លា បណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច១៦នាក់។ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី និងទីភ្នាក់ងារអាតូមិចអន្តរជាតិ (IAEA) ព្រមានថាមហន្តរាយនុយក្លេអ៊ែរអាចនឹងកើតឡើងសាជាថ្មី។

អាជ្ញាធរអ៊ុយក្រែនអះអាងថាកាលពីចុងសប្ដាហ៍កន្លងទៅនេះ រុស្ស៊ីវាយប្រហារលើច្រើនកន្លែង។ ក្រៅពីស្លាប់ដូចរៀបរាប់ខាងលើ មនុស្សជាច្រើនទៀតរងរបួស។ ស្រមោលខ្មៅងងឹតពីអតីតកាលពាក់ព័ន្ធនឹងគ្រោះមហន្តរាយដោយសារការសាយភាយសារធាតុវិទ្យុសកម្មចេញពីរោងចក្រនៅឆឺណូប៊ីលនៅតែតាមលងបន្លាចអ៊ុយក្រែននៅឡើយទេ។
លោកហ្សេឡិនស្គីអះអាងថារុស្ស៊ីបញ្ជូនដ្រូនទៅវាយប្រហារលើទីតាំងដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរោងចក្រនោះទេ។ មានករណីម្ដងនោះកាលពីឆ្នាំ២០១៥ ដ្រូនមួយគ្រឿងបានវាយប្រហារគម្របការពាររោងចក្រ។

នៅទីក្រុងអូដេសា (Odessa) រុស្ស៊ីវាយប្រហារកាលពីពេលរំលងអធ្រាត្រឆ្លងចូលព្រឹកថ្ងៃចន្ទទៅលើអគារស្នាក់នៅរបស់ប្រជាជនជាច្រើនកន្លែងរួមទាំងសណ្ឋាគារមួយកន្លែងផងដែរ បណ្ដាលឱ្យមនុស្ស១១នាក់រងរបួស។ កាលពីមួយថ្ងៃមុននោះ ដ្រូន និងមីស៊ីលរបស់រុស្ស៊ីវាយប្រហារទៅលើទីក្រុងឌីនីប្រូ (Dnipro) បណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៩នាក់។

នៅក្នុងការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យទៅលើតំបន់ដូញ៉ែត, ខឺសុន, ហ្សាប៉ូរីហ្សៀ, ស៊ូមី និងឌីនីប្រូប៉េត្រូស មនុស្សយ៉ាងតិច៨នាក់បានស្លាប់។ ក្រៅពីនេះ មនុស្សយ៉ាងតិច២៤នាក់រងរបួសដោយសារការវាយប្រហារដដែលនេះ។
រុស្ស៊ីក៏រងការវាយប្រហារពីអ៊ុយក្រែនផងដែរ។ អគ្គសេនាធិការដ្ឋានកងទ័ពអ៊ុយក្រែនថ្លែងថាកាលពីថ្ងៃអាទិត្យថា យោធារបស់ខ្លួនវាយប្រហាររោងចក្រចម្រាញ់ប្រេងឆៅរបស់រុស្ស៊ីនៅយ៉ារ៉ូស្លាវ (Yaroslavl) ដែលស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៊ី។ ការវាយប្រហារនោះបណ្ដាលឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ រោងចក្រនេះចម្រាញ់ប្រេង១៥លានតោននៅក្នុងមួយឆ្នាំៗទៅជាសាំង, ម៉ាហ្ស៊ូត និងសាំងយន្តហោះ សម្រាប់ផ្គត់ផ្គង់យោធារុស្ស៊ី។

អំពីការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែននោះ លោកហ្សេឡិនស្គីចង់យកឱកាសនេះក្រើនរំលឹកអំពីហានិភ័យនៃមហន្តរាយនុយក្លេអ៊ែរ។ លោកថ្លែងថាប្រទេសរុស្ស៊ីជាថ្មីម្ដងទៀតបានរុញច្រានពិភពលោកទៅរកមាត់ជ្រោះមរណៈនៃមហន្តរាយនុយក្លេអ៊ែរដោយស្នាដៃមនុស្ស (man-made)។ ដូចនេះ លោកយល់ថាពិភពលោកមិនអាចបណ្ដោយឱ្យ «អំពើភេរវកម្មនុយក្លេអ៊ែរ» កើតឡើងជាថ្មីម្ដងទៀតទេ។ វិធីល្អបំផុតគឺបង្ខំឱ្យរុស្ស៊ីបោះបង់ចោលទង្វើខ្ជីខ្ជារបស់ខ្លួន៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត
