ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) និងសហការី នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ ក្នុងឱកាសបេសកកម្មការងារនៅកម្ពុជា។

ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរឯកភាពថា វិស័យទេសចរណ៍ជាវិស័យគន្លឹះជំរុញការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាព កម្រិត និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី។
ភាគីទាំងពីរប្តេជ្ញាសហការស៊ីជម្រៅបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យកាន់តែច្រើន ស្របតាមគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន អាចស្នាក់នៅកម្ពុជា ១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បង ៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ស្របពេលរដូវកាលបៃតងកម្ពុជា។

កិច្ចសហការនេះរួមមានទាំងស្ថានទូតចិនប្រចាំកម្ពុជា វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការផ្លាស់ប្តូរប្រជាជនទៅវិញទៅមកប្រកបដោយសកម្មភាពនៅឆ្នាំ២០២៦៕
ដោយ៖ សិលា
