ភ្នំពេញ ៖ កើតហេតុឃាតកម្មសោកនាដកម្មបង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង៥:៣០នាទីព្រឹកព្រលឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ តាមផ្លូវ៦០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យបុរស២នាក់ស្លាប់បាត់បង់ជីវិតទាំងព្រលឹម។

បុរសជាជនសង្ស័យមានឈ្មោះ តុល ចាន់ណា អាយុ២៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបុរីពិភពថ្មីចំការដូង ខណ្ឌដង្កោ បានជិះម៉ូតូដេញតាមចាក់សម្លាប់ស្ត្រីជាអតីតសង្សារឈ្មោះ យី សំណាង ហៅយ៉ា អាយុ២៤ឆ្នាំ និងបុរសជាបងថ្លៃរបស់នាងឈ្មោះ សេម បូរី អាយុប្រមាណជាង៣០ឆ្នាំ ដែលកំពុងជិះម៉ូតូដឹកគ្នាទៅធ្វើការ។ ស្ត្រីរងគ្រោះមិនបានរងរបួសឡើយ។

ប្រភពពីនគរបាលប៉ុស្តិ៍ជើងឯកបានឲ្យដឹងថា នៅកន្លែងកើតហេតុបានរកឃើញកាំបិតចុងស្រួច១ប្រឡាក់ឈាមនៅលើចិញ្ចើមផ្លូវ ព្រមទាំងសាកសពអ្នកទាំង២ដេកស្លាប់ចម្ងាយប្រមាណ៥-៦ម៉ែត្រពីគ្នា និងម៉ូតូចំនួន២គ្រឿង (ម៉ាកហុងដាស្កូបពីពីណ៌ស និងហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ) ព្រមទាំងទូរស័ព្ទដៃ១គ្រឿង។
តាមការសួរនាំបឋម នាងយី សំណាងបានប្រាប់ថា នាងនិងជនសង្ស័យធ្លាប់ជាសង្សារគ្នា ហើយបានចែកផ្លូវគ្នាជាង១ឆ្នាំមកហើយ ប៉ុន្តែជននោះតែងតែតាមរករឿងគំរាមនាងជាប្រចាំ។ ដោយខ្លាចមានបញ្ហា បុរសជាបងថ្លៃឈ្មោះ សេម បូរី បានជិះម៉ូតូជូននាងទៅធ្វើការនៅម្ដុំផ្សារទំនើបអ៊ីអន៣។

ពេលមកដល់ចំណុចស្ពានអាកាសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្រាប់តែជនសង្ស័យជិះម៉ូតូដេញតាម ហើយយកដុំថ្មគប់មកលើនាង និងបងថ្លៃ តែអ្នកទាំង២មិនបានតបតឡើយ។ បន្ទាប់មក ជនសង្ស័យបានដេញតាមរហូតដល់ចំណុចកើតហេតុ ក៏យកកាំបិតដេញចាក់សម្លាប់នាង តែបងថ្លៃប្រុសបានជួយការពារ និងប្រវាយប្រតប់គ្នា។
ក្នុងការប្រវាយគ្នានោះ បងថ្លៃនាងដណ្ដើមបានកាំបិតចាក់តបតវិញ បណ្ដាលឲ្យអ្នកទាំង២ (បងថ្លៃនាង និងជនសង្ស័យជាអតីតសង្សារ) បានស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែង។ បច្ចុប្បន្ននាងយី សំណាង កំពុងស្ថិតក្រោមការសាកសួរបន្ថែមពីនគរបាលនៅឡើយ។

ដោយឡែកអ្នកស្រី ទិន ស្រីទូច ម្ដាយបង្កើតរបស់យុវជនសង្ស័យឈ្មោះតុល ចាន់ណា បាននិយាយផងយំផងថា កូនប្រុសគាត់និងនាងយី សំណាង ធ្លាប់ស្រលាញ់គ្នាតាំងពីរៀន ហើយបានសន្សំប្រាក់ជាមួយគ្នា។ ក្រោយបែកគ្នាជាង១ឆ្នាំ កូនប្រុសគាត់បានទាមទារឲ្យចែកប្រាក់សន្សំវិញ តែនាងបដិសេធ។ មុនថ្ងៃកើតហេតុ កូនប្រុសគាត់បានទៅនិយាយគ្នាជាមួយនាង តែនាងមិនព្រមឈប់ ហើយបានហៅបងថ្លៃ និងបងប្រុសបង្កើតមកជួយ រហូតកើតមានការវាយតប់គ្នា។
អ្នកស្រីបន្តថា គាត់បានណែនាំកូនប្រុសកុំឲ្យតាមរករឿងគេ តែដល់ព្រឹកថ្ងៃកើតហេតុក៏ទទួលដំណឹងអកុសលនេះ។ បច្ចុប្បន្នរឿងរ៉ាវលម្អិតកំពុងត្រូវបានស្រាវជ្រាវបន្តដោយសមត្ថកិច្ច។



