ប្រមុខការទូតអ៊ីរ៉ង់បញ្ជាក់ច្បាស់៖ មករុស្ស៊ីគឺដើម្បីជួបពូទីនពិភាក្សារឿងសង្គ្រាម

ប្រមុខការទូតអ៊ីរ៉ង់បញ្ជាក់ច្បាស់៖ មករុស្ស៊ីគឺដើម្បីជួបពូទីនពិភាក្សារឿងសង្គ្រាម

និយាយដោយឥតលាក់លៀម រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានប្រាប់ទៅអ្នកសារព័ត៌មានភ្លាមៗនៅពេលទៅដល់ទីក្រុង St. Petersburg ថា លោកមករុស្ស៊ីនេះគឺដើម្បីពិភាក្សាជាមួយ ប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ស្តីពីសង្គ្រាមមជ្ឈិមបូព៌ា និងស្ថានការណ៍វិវឌ្ឍចុងក្រោយ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi នៅរុស្ស៊ី

ប្រមុខការទូតអ៊ីរ៉ង់វ័យ៦៣ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងច្បាស់នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ថា លោកមករុស្ស៊ីក្នុងគោលបំណងបន្តការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ រវាងទីក្រុងតេហេរ៉ង់ និងមូស្គូ លើបញ្ហាតំបន់និងអន្តរជាតិ។ ដំណើរនេះនឹងក្លាយជាឱកាសដ៏ល្អ ដើម្បីពិភាក្សាអំពីការវិវត្តនៃសង្គ្រាម និងពិនិត្យមើលស្ថានភាពចុងក្រោយបង្អស់។

ដំណើរនេះកើតឡើងស្របពេលកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ ត្រូវជាប់គាំង បន្ទាប់ពីប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ សម្រេចចិត្តលុបចោលគម្រោងបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសប៉ាគីស្ថាន។

តាមការផ្សាយរបស់ BBC កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនចង់ឲ្យប្រេសិតពិសេស និងកូនប្រសា Jared Kushner ទៅខាតពេលវេលាឥតប្រយោជន៍នោះទេ ហើយបើអ៊ីរ៉ង់ពិតជាចង់ចរចាមែន អ្វីដែលពួកគេត្រូវធ្វើ គឺគ្រាន់តែលើកទូរស័ព្ទមកនិយាយជាមួយលោកផ្ទាល់ជាការស្រេច។

សូមជម្រាបថា ចំណុចក្ដៅនៃជម្លោះគឺស្ថិតនៅច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ បន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារកាលពីខែកុម្ភៈ អ៊ីរ៉ង់បានឆ្លើយតបដោយការរឹតបន្តឹងការធ្វើដំណើរតាមច្រកសមុទ្រនេះ ដែលនាំឲ្យអាមេរិកបង្កើនកម្លាំងជើងទឹកនៅទីនោះ ដើម្បីរារាំងការនាំចេញប្រេងរបស់អ៊ីរ៉ង់វិញ។

យ៉ាងណា ភាពទាល់ច្រកនេះក៏ជាប់ពាក់ព័ន្ធនឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ ដែលអាមេរិកសង្ស័យថា អ៊ីរ៉ង់កំពុងលួចផលិតគ្រាប់បែកអាតូមិក ប៉ុន្តែទីក្រុងតេហេរ៉ង់តែងតែបដិសេធ និងអះអាងថា ពួកគេធ្វើដើម្បីតែថាមពលអគ្គិសនីប៉ុណ្ណោះ៕

administrator

Related Articles