ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំងបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ស្ថានភាពព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្រោយគង់ប្រថាប់ព្យាបាលនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងអស់រយៈពេលមួយសប្តាហ៍ បានប្រសើរឡើងវិញបន្តិចម្តងៗ។
ក្រោយទទួលការវះកាត់ធំដោយក្រុមគ្រូពេទ្យឯកទេសជំនាញខ្ពស់ ព្រះអង្គទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់បំផុត រួមមានការព្យួរសេរ៉ូម ឆ្លុះអេក្កព្រះទរ ព្រះបាទ និងការថ្វាយព្រះឱសថបំបាត់ការឈឺចាប់ និងផ្សះមុខរបួសតាមកំណត់ពេលវេលា។

ទន្ទឹមនេះ ក្រុមវេជ្ជបណ្ឌិតបានក្រាបបង្គំទូលសូមព្រះអង្គគង់ប្រថាប់បន្តថែទាំព្រះរាជសុខភាពនៅមន្ទីរពេទ្យមួយរយៈពេលទៀត ដើម្បីតាមដានព្រះរោគជាប្រចាំ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានថ្លែងអំណរព្រះគុណដល់សម្តេចព្រះសង្ឃរាជ ថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋទាំងអស់ ដែលបានថ្វាយព្រះពរ និងបួងសួងសុំឱ្យព្រះអង្គឆាប់ជាសះស្បើយពីព្រះរោគ។
