ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀត ជា«ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)» ដែលជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់វិស័យពាណិជ្ជកម្មកម្ពុជា។

ផលិតផលទាំង ៤ ដែលទទួលបានការចុះបញ្ជី GI រួមមាន៖
១. សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃសូត្រល្អណែន ភ្លឺរលោង ប្រើពណ៌ធម្មជាតិគ្មានសារធាតុគីមី។
២. ក្តាមថ្មកោះកុង (Koh Kong Mud Crab)៖ ក្តាមទឹកប្រៃពីតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។

៣. ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut)៖ គ្រាប់ធំ សាច់ពេញស្រួយ ក្លិនឈ្ងុយបានយូរ មានរសជាតិបែបប៊ឺ ឬទឹកដោះគោ មានគុណភាពខ្ពស់។
៤. ស្វាយឧត្តរមានជ័យ (Oddar Meanchey Mango)៖ ស្វាយមានសាច់ណែនស្រួយ មានទឹកដម និងរសជាតិជូរអែមឆ្ងាញ់ អាចកែច្នៃបានច្រើនប្រភេទ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ផលិតផលទាំងនេះ ត្រូវបានផលិត និងប្រមូលផលនៅតំបន់ភូមិសាស្ត្រជាក់លាក់ ដែលមានលក្ខខណ្ឌធម្មជាតិ និងបច្ចេកទេសផលិតជាក់លាក់ បង្កើតឱ្យមានអត្តសញ្ញាណ និងគុណភាពពិសេស។

ការចុះបញ្ជី GI នេះនឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន រួមមានការការពារផ្លូវច្បាប់ទប់ស្កាត់ការក្លែងបន្លំ ការថែរក្សាវប្បធម៌ និងប្រពៃណីផលិតកម្ម ការលើកកម្ពស់ទេសចរណ៍តាមតំបន់ ព្រមទាំងការបង្កើនតម្លៃទីផ្សារ និងសក្តានុពលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

នេះជាជំហានដ៏សំខាន់មួយទៀត ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។
ដោយ៖ តារា
