បង្ក្រាបបានហើយ! ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនយុវជនលួចទូរស័ព្ទក្នុងហាងកាត់សក់នៅខណ្ឌពោធិ៍សែនជ័យ

បង្ក្រាបបានហើយ! ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនយុវជនលួចទូរស័ព្ទក្នុងហាងកាត់សក់នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចទូរស័ព្ទដៃ ក្នុងហាងកាត់សក់យីហោឡុងសុង ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យ

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ រិន បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្រោយពីត្រូវបានគេលួចទូរស័ព្ទដៃរបស់ខ្លួន។ ក្រោយទទួលបណ្ដឹង កម្លាំងជំនាញបានបន្តការស៊ើបអង្កេត និងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ អួច បញ្ញា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

រូបភាពបង្ក្រាប

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង ឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន ព្រមទាំងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានកម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ។

សារភាពបទល្មើស

នៅក្នុងការសាកសួរ ជនសង្ស័យ អួច បញ្ញា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទដៃនៅក្នុងហាងកាត់សក់យីហោឡុងសុងប្រាកដមែន។ បច្ចុប្បន្ននេះ ជនសង្ស័យនិងសំណុំរឿងត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

administrator

Related Articles