ភ្នំពេញ ៖ ក្នុងនាមអ្នកនាំពាក្យ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការបច្ចុប្បន្នភាពថា ស្ថានភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ បានកំពុងទទួលការយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំពីក្រសួងមហាផ្ទៃ ជាពិសេសពីលោកអភិសន្តិបណ្ឌិត ស សុខា តាមរយៈក្រុមការងារ។

គិតមកត្រឹមព្រលប់ថ្ងៃទី២៦ ខែមេសានេះ លោកវរសេនីយ៍ទោ នៅតែបន្តស្ថិតក្រោមការយកចិត្តទុកដាក់សង្គ្រោះបន្ទាន់ពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំនាញៗ នៃមន្ទីរពេទ្យសាធារណរដ្ឋសង្គមនិយមវៀតណាម។

រាល់តម្រូវការសង្គ្រោះបន្ទាន់ និងការបន្តព្យាបាល ព្រមទាំងការដោះស្រាយបញ្ហាប្រឈមផ្នែកជីវភាពរបស់ក្រុមគ្រួសារលោក គឺបានទទួលការរ៉ាប់រងពីឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមក្រសួងមហាផ្ទៃ រួមទាំងឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការ ឯកឧត្តមអភិបាលនៃគណៈអភិបាល និងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ចាម។

ការទទួលខុសត្រូវ មនោសញ្ចេតនា និងកាយវិការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីក្ដីសង្វេគ និងគោរពស្ងប់ស្ងែងក្រៃលែងចំពោះវីរភាពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដែលបានធ្វើពលិកម្មក្នុងនាមមន្ត្រីនគរបាលជាតិ ក្នុងភារកិច្ចរួមចំណែកធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាជន៕
ដោយ ៖ សិលា
