ភ្នំពេញ៖ កើតហេតុការណ៍សោកនាដកម្មមួយ បុរសវ័យចំណាស់ម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈកំពុងជិះម៉ូតូឆ្លងផ្លូវត្រូវបានរថយន្តដឹកសំរាមបើកបុកកិនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនរងគ្រោះមានឈ្មោះ អ៉ីច អន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ មានស្រុកកំណើតនៅខេត្តកណ្តាល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូគុបមូលធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងឆ្លងផ្លូវភ្លាម នោះស្រាប់តែមានរថយន្តដឹកសំរាមមួយគ្រឿងបើកមកពីក្រោយលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកអូសឡើងទ្រូងផ្លូវ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយបង្កហេតុ តៃកុងរថយន្តបានចុះពីលើរថយន្ត រួចគេចខ្លួនបាត់ស្រមោល ដោយបោះបង់រថយន្តចោលនៅនឹងកន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះវាស់វែង និងយករថយន្ត និងម៉ូតូទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
ដោយ៖ សុខាសែនជ័យ
