សោកសៅ! បុរសរកស៊ីសងលុយចាប់ហួយ រួចទៅឆក់ខ្សែភ្លើងសម្លាប់ខ្លួន ដោយសារប្រពន្ធកូនចាកចេញពីផ្ទះ

សោកសៅ! បុរសរកស៊ីសងលុយចាប់ហួយ រួចទៅឆក់ខ្សែភ្លើងសម្លាប់ខ្លួន ដោយសារប្រពន្ធកូនចាកចេញពីផ្ទះ

ខេត្តកំពង់ស្ពឺ៖ ករណីធ្វើអត្តឃាតដ៏រន្ធត់មួយបានកើតឡើង នៅភូមិច្រាមជើង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៦នឹង៣០នាទី ដោយបុរសម្នាក់បានតខ្សែភ្លើង យកមកឆក់សម្លាប់ខ្លួនឯងនៅលើគ្រែ។

សពឈ្មោះ ឃិន សំបូរ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ បានរាយខ្សែភ្លើងចំនួន ២ខ្សែ ហើយដោតចូលហ្វីសភ្លើងទុកស្រាប់ រួចដេកលើគ្រែបណ្ដាលឱ្យឆក់ស្លាប់នៅកន្លែងកើតហេតុតែម្ដង។ សពមានស្នាមរលាកឆេះកញ្ចឹងកខាងឆ្វេង។

តាមការបំភ្លឺពីឈ្មោះ ឃិន ម៉ាក អាយុ៤៤ឆ្នាំ ដែលជាប្អូនបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅសងលុយតាមកន្លែងលក់ចាប់ហួយដែលជំពាក់ រួចជូនលុយម្ដាយចំនួន ១០មុឺនរៀល និងប្រាប់បងប្អូនញាតិជិតខាងថា «លាហើយ» ដោយសារតែការខឹងសម្បារនឹងប្រពន្ធកូនដែលមិននៅជាមួយ។

ក្រោយការស្រាវជ្រាវពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន រួមជាមួយក្រុមគ្រួសារ បានសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារធ្វើអត្តឃាតឆក់ខ្សែភ្លើងសម្លាប់ខ្លួនឯងពិតប្រាកដ ដោយពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ។ បច្ចុប្បន្នសពត្រូវបានធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំបូជាតាមប្រពៃណី៕

administrator

Related Articles