ទីក្រុងព្យុងយ៉ាង៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov បានធ្វើទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងជើង កាលពីថ្ងៃទី២៦ ខែមេសា ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងយោធារវាងប្រទេសទាំងពីរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters លោក Belousov គឺជាមន្ត្រីជាន់ខ្ពស់រុស្ស៊ីទីពីរដែលបានមកកាន់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ មុននេះ ប្រធានសភាសហព័ន្ធរុស្ស៊ី លោក Vyacheslav Volodin ក៏បានអញ្ជើញទៅទស្សនកិច្ច និងចូលរួមពិធីសម្ពោធវិមានរំលឹកដល់ទាហានកូរ៉េខាងជើងដែលបានពលីជីវិតក្នុងសង្គ្រាមនៅអ៊ុយក្រែន ចាប់តាំងពីខែតុលា ឆ្នាំ២០២៤។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា លោក Belousov នឹងធ្វើកិច្ចចរចាជាមួយមេដឹកនាំ និងមន្ត្រីយោធាកំពូលរបស់កូរ៉េខាងជើង ព្រមទាំងចូលរួមក្នុងសកម្មភាពពិធី និងរំលឹកវិញ្ញាណក្ខន្ធផងដែរ។

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ក៏បានផ្ញើសារអបអរសាទរដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទាហានកូរ៉េខាងជើង ដែលបានចូលរួមទប់ទល់នឹងការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ Kursk។
ទំនាក់ទំនងការទូត និងយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង បានពង្រឹងជាលំដាប់តាំងពីឆ្នាំ២០២៣។ កាលពីខែមិថុនា ឆ្នាំ២០២៤ មេដឹកនាំទាំងពីរបានជួបប្រជុំ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលរួមមានឃ្លាការពារជាតិទៅវិញទៅមក។

មេដឹកនាំ គីម ជុងអ៊ុន បានហៅវិមានរំលឹកនេះថាជានិមិត្តរូបនៃ “កំពូលប្រវត្តិសាស្ត្រ” ក្នុងទំនាក់ទំនងទ្វេភាគី ដោយប្រកាសថា “ទីក្រុងព្យុងយ៉ាងនឹងតែងតែគាំទ្រទីក្រុងមូស្គូ” និងថា “មិត្តភាព និងសាមគ្គីភាពរវាងប្រជាជនទាំងពីរនឹងស្ថិតស្ថេរជារៀងរហូត”។
អ្នកជំនាញវិភាគថា ការសាងសង់វិមានសម្រាប់ទាហានដែលបានស្លាប់នេះ បង្ហាញថាកូរ៉េខាងជើងកំពុងស្វែងរកការពង្រឹងតួនាទីរបស់ខ្លួនជាសម្ព័ន្ធមិត្តដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រយោធារបស់រុស្ស៊ី ដែលបង្ហាញពីការផ្សារភ្ជាប់គ្នាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ៕
