គីម ជុងអ៊ុន ប្តេជ្ញាគាំទ្ររុស្ស៊ីគ្រប់ជ្រុងជ្រោយ ក្រោយជួបប្រតិភូក្រសួងការពារជាតិរុស្ស៊ីនៅព្យុងយ៉ាង

គីម ជុងអ៊ុន ប្តេជ្ញាគាំទ្ររុស្ស៊ីគ្រប់ជ្រុងជ្រោយ ក្រោយជួបប្រតិភូក្រសួងការពារជាតិរុស្ស៊ីនៅព្យុងយ៉ាង

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសាថា លោក គីម ជុងអ៊ុន បានប្រកាសជំហរគាំទ្ររុស្ស៊ីយ៉ាងពេញទំហឹង ក្នុងកិច្ចពិភាក្សាជាមួយគណៈប្រតិភូរុស្ស៊ីដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Andrei Belousov។

លោក Belousov ដឹកនាំគណៈប្រតិភូចូលរួមសម្ពោធវិមានអនុស្សាវរីយ៍ឧទ្ទិសដល់ទាហានកូរ៉េខាងជើងដែលពលីជីវិតនៅតំបន់ Kursk របស់រុស្ស៊ី ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែនវាយលុកកាលពីខែសីហា ឆ្នាំ២០២៤។

លោក គីម ជុងអ៊ុន សង្កត់ធ្ងន់ថា រដ្ឋាភិបាលកូរ៉េខាងជើងនឹង«បន្តគាំទ្រយ៉ាងពេញទំហឹង»ចំពោះគោលនយោបាយរុស្ស៊ី ក្នុងការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍សន្តិសុខ។ លោកក៏បានជួបពិភាក្សាជាមួយប្រធានសភាជាន់ទាបរុស្ស៊ី លោក Vyacheslav Volodin ដោយបញ្ជាក់ពីឆន្ទៈពង្រឹងទំនាក់ទំនងក្រោមកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សារនេះត្រូវបានពង្រឹងបន្ថែមក្នុងលិខិតរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ផ្ញើជូនក្នុងឱកាសសម្ពោធវិមានអនុស្សាវរីយ៍ ដោយបញ្ជាក់ថា រុស្ស៊ី និងកូរ៉េខាងជើងនឹងពង្រឹងទំនាក់ទំនងតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។

នាពេលថ្មីៗនេះ កូរ៉េខាងជើងផ្ដល់កិត្តិយសដល់ទាហានដែលប្រយុទ្ធនៅរុស្ស៊ី ដោយចាត់ទុកជានិមិត្តរូបនៃពលិកម្ម និងភក្តីភាព។ នៅក្នុងសារសរសេរដោយដៃ លោក គីម អះអាងថា អ្នកពលីជីវិតនឹង«រស់នៅជារៀងរហូតជាមួយមហាកិត្តិយសដែលពួកគេបានការពារ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles