រាជធានីភ្នំពេញ៖ ក្រុមក្មេងស្ទាវទំនើងចំនួន ១១នាក់ ដែលបានសប្បាយភ្លេចគិត ពពាក់ពពូនគ្នាដេញគប់រថយន្តអ្នកដំណើរនៅលើផ្លូវសាធារណៈ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ PJ ក្រោមការចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។

យោងតាមដីការបស់លោក ស សំណាង ចៅក្រមស៊ើបសួរ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានដាក់ជនត្រូវចោទទាំង១១នាក់ ឱ្យស្ថិតក្រោមការពិនិត្យពីបទល្មើសដែលប្រព្រឹត្តនៅមុខហាងម៉ាស្សាយីហោ ម៉ាយូរ៉ា ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧យប់ តាមបញ្ញត្តិមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។
បទល្មើសនេះបើតាមមាត្រា ៤១០ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានទៅ ១០ លានរៀល ព្រមទាំងរួមគ្នាសងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណីទៀតផង។

សូមជម្រាបថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ១១នាក់ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

ពួកគេបានប្រើប្រាស់ដុំថ្ម មួកសុវត្ថិភាព ដៃ ជើង គប់ វាយលើរថយន្តម៉ាក AVATAR ០៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា MUSTAFA បណ្ដាលឱ្យបែកកញ្ចក់មុខ ក្រោយ កញ្ចក់ទ្វារ កញ្ចក់មើលក្រោយ ស្តុបខាងក្រោយ ក្រាពិត ឆ្នូតចំហៀង និងបាត់ផ្លាកលេខ ១បន្ទះ។
ជនសង្ស័យទាំង ១១នាក់ មានអាយុចន្លោះពី ១៧ ទៅ ២០ឆ្នាំ ក្នុងនោះមានសិស្សវិទ្យាល័យ កម្មករ និងអ្នកលក់ដូរ រួមមាន៖ ម៉ាន់ ឡុងថាដា (អាយុ១៨ឆ្នាំ), សុខ ជា (១៨ឆ្នាំ), ឆុន រ៉ាយុទ្ធ (១៨ឆ្នាំ), ឯក សុខមាន់ (១៨ឆ្នាំ), នី សាគី ហៅភ្លោះ (២០ឆ្នាំ), នី រ៉វី (២០ឆ្នាំ), មឿន ពិសី (១៨ឆ្នាំ), ញ៉ ឆាលី (១៨ឆ្នាំ), សូរ្យ វិសុទ្ធ (១៨ឆ្នាំ), ភឹម វិសាល (១៩ឆ្នាំ) និង ហូសាន់ សើហ្វីអី (១៧ឆ្នាំ)។

សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ដុំថ្ម ៤ដុំ និងផ្លាកលេខរថយន្ត ១បន្ទះ។ អ្វីដែលគួរឱ្យសោកស្ដាយនោះ គឺសិស្ស ២នាក់ដែលកំពុងរៀន ត្រូវបានផ្អាកការសិក្សា ធ្វើឱ្យប៉ះពាល់អនាគតផងដែរ។ នេះជាមេរៀនសម្រាប់យុវជនគ្រប់រូប គួរតែគិតពីលទ្ធផលមុននឹងប្រព្រឹត្តអំពើមិនគប្បី។
