ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីកម្ពុជា បានលើកយកសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា មកពិនិត្យ និងសម្រេចអនុម័តហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចែករំលែកថា សេចក្តីព្រាងច្បាប់នេះ គឺជារបៀបវារៈមួយក្នុងចំណោមរបៀបវារៈសំខាន់ៗចំនួន៥ ដែលត្រូវបានពិភាក្សានិងសម្រេចនៅព្រឹកនេះ។

ក្រៅពីសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា គណៈរដ្ឋមន្ត្រីក៏បានពិនិត្យលើសេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ២០២៧-២០២៩ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ២០២៦-២០៣៥ និងរបាយការណ៍វឌ្ឍនភាពជួយអតីតពលករវិលត្រឡប់ពីថៃផងដែរ។
គួរបញ្ជាក់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាកម្ពុជាធ្លាប់មានពីមុន តែមិនត្រូវបានអនុវត្តឡើយ។ ការពង្រាងច្បាប់ថ្មីនេះ ត្រូវបានដាក់ចេញក្រោយពេលដែលសម្តេចធិបតីបានបង្ហើបកាលពីខែកក្កដា ឆ្នាំ២០២៥ ពោលគឺបន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ៕
