អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះទី៣ ចូលកៀកអ៊ីរ៉ង់ បង្ហាញសាច់ដុំយោធាកម្រិតខ្ពស់បំផុតក្នុងប៉ុន្មានទសវត្សរ៍

អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះទី៣ ចូលកៀកអ៊ីរ៉ង់ បង្ហាញសាច់ដុំយោធាកម្រិតខ្ពស់បំផុតក្នុងប៉ុន្មានទសវត្សរ៍

ក្រសួងការពារជាតិអាមេរិកបានប្រកាសពីការដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS George H.W. Bush (CVN-77) ចូលទៅកាន់តំបន់ទទួលខុសត្រូវរបស់ទីបញ្ជាការកណ្ដាល (CENTCOM) ដែលស្ថិតនៅកៀកប្រទេសអ៊ីរ៉ង់ ដែលជាការបង្កើនវត្តមានយោធាយ៉ាងខ្លាំងក្លានៅតំបន់មជ្ឈិមបូព៌ា។

តាមការផ្សាយរបស់ Business Insider នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នេះគឺជាលើកទី៣ហើយ ដែលអាមេរិកដាក់ពង្រាយនាវាផ្ទុកយន្តហោះក្នុងតំបន់តែមួយ ដែលជាការពង្រីកឥទ្ធិពលជើងទឹកដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

នាវាផ្ទុកយន្តហោះអាមេរិក

CENTCOM ក៏បានប្រកាសពីការមកដល់នៃនាវា Bush ក្នុងមហាសមុទ្រឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍។ នាវាផ្ទុកយន្តហោះនេះបានចាកចេញពីរដ្ឋ Virginia នៅចុងខែមីនា ហើយធ្វើដំណើរជុំវិញឆ្នេរសមុទ្រអាហ្វ្រិក។

គោលបំណងនៃការដាក់ពង្រាយនេះ ត្រូវបានគេដឹងថាជាការបង្ហាញសាច់ដុំយោធា ដើម្បីដាក់សម្ពាធអ៊ីរ៉ង់ឲ្យយល់ព្រមតាមលក្ខខណ្ឌចរចារបស់អាមេរិក និងដើម្បីឆ្លើយតបទៅនឹងការដែលអ៊ីរ៉ង់រឹបអូសកប៉ាល់អន្តរជាតិកាលពីពេលថ្មីៗនេះ។ ម្យ៉ាង វាក៏ជាការពង្រឹងសមត្ថភាពដល់កងទ័ពអាមេរិកក្នុងការបិទខ្ទប់ ដើម្បីរារាំងកប៉ាល់ដឹកប្រេង ឬនាវាដែលសង្ស័យថាផ្ដល់ជំនួយដល់អ៊ីរ៉ង់ផងដែរ។

សហរដ្ឋអាមេរិកបានចាប់ផ្តើមចល័តនាវានិងយន្តហោះចម្បាំងចូលទៅក្នុង និងជុំវិញតំបន់មជ្ឈិមបូព៌ា តាំងពីមុនពេលចាប់ផ្តើម «ប្រតិបត្តិការ Epic Fury» មកម្ល៉េះ ដែលនេះគឺជាការបង្កើនកម្លាំងទ័ពអាមេរិកដ៏ធំបំផុតនៅក្នុងតំបន់ ចាប់តាំងពីឆ្នាំ ២០០៣ មក។

បច្ចុប្បន្ន នាវាផ្ទុកយន្តហោះទាំង ៣ របស់អាមេរិក កំពុងស្ថិតនៅទីតាំងយុទ្ធសាស្ត្រផ្សេងៗគ្នា ដូចជា USS George H.W. Bush កំពុងស្ថិតនៅមហាសមុទ្រឥណ្ឌា, USS Abraham Lincoln កំពុងស្ថិតនៅសមុទ្រអារ៉ាប់ និង USS Gerald R. Ford កំពុងស្ថិតនៅសមុទ្រក្រហម។ ទន្ទឹមនឹងនេះ អាមេរិកក៏បានជំរុញឲ្យពលរដ្ឋខ្លួនចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ តាមផ្លូវអាកាស ឬផ្លូវគោកឆ្លងកាត់ប្រទេសជាប់អ៊ីរ៉ង់។

administrator

Related Articles