នាយករដ្ឋមន្ត្រីអេស្ប៉ាញ ប្រកាសថា អេស្ប៉ាញជាសមាជិកណាតូដែលគួរជឿទុកចិត្តបំផុត

នាយករដ្ឋមន្ត្រីអេស្ប៉ាញ ប្រកាសថា អេស្ប៉ាញជាសមាជិកណាតូដែលគួរជឿទុកចិត្តបំផុត

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានចេញមុខប្រកាសយ៉ាងម៉ឺងមាត់ថា ប្រទេសអេស្ប៉ាញគឺជា «សមាជិកណាតូដ៏គួរឲ្យទុកចិត្ត» បន្ទាប់ពីមានរបាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាព្យួរសមាជិកភាពរបស់ខ្លួនក្នុងសម្ព័ន្ធភាពយោធាណាតូ (NATO)។

យោងតាម BBC លោក Sanchez បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅប្រទេសស៊ីប កាលពីថ្ងៃទី២៤ ខែមេសាថា៖ «ប្រទេសអេស្ប៉ាញគឺជាសមាជិកដែលអាចទុកចិត្តបានរបស់អង្គការណាតូ» ដោយសង្កត់ធ្ងន់ថា ទីក្រុងម៉ាឌ្រីដកំពុងបំពេញកាតព្វកិច្ចពេញលេញរបស់ខ្លួន។ «ដូច្នេះហើយ ខ្ញុំមិនមានការព្រួយបារម្ភទាល់តែសោះ» លោកបន្ថែម។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez

ការអត្ថាធិប្បាយរបស់លោក Sanchez ធ្វើឡើងភ្លាមៗ បន្ទាប់ពីទីភ្នាក់ងារ Reuters ដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា មន្ទីរបញ្ចកោណមានអ៊ីមែលផ្ទៃក្នុងដែលគូសបញ្ជាក់ពីវិធានការអាចធ្វើទៅបាន ប្រឆាំងនឹងសម្ព័ន្ធមិត្តដែលមិនគាំទ្រប្រតិបត្តិការយោធារបស់អាមេរិក រួមទាំងអេស្ប៉ាញផងដែរ។

លោក Sanchez បន្តថា៖ «យើងមិនធ្វើសកម្មភាពលើអ៊ីមែលដែលលេចធ្លាយទេ ប៉ុន្តែផ្អែកលើឯកសារផ្លូវការ និងជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក»។ លោកបន្ថែមថា ទីក្រុងម៉ាឌ្រីដរក្សាជំហរសហប្រតិបត្តិការដាច់ខាតជាមួយសម្ព័ន្ធមិត្ត ប៉ុន្តែស្ថិតក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិជានិច្ច៕

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles