រឿងអាស្រូវ! នគរបាលស័ក្ដិ៥ គំរាមវាយខ្នោះពលរដ្ឋ ក្រសួងមហាផ្ទៃបញ្ជាឲ្យបំភ្លឺជាបន្ទាន់

រឿងអាស្រូវ! នគរបាលស័ក្ដិ៥ គំរាមវាយខ្នោះពលរដ្ឋ ក្រសួងមហាផ្ទៃបញ្ជាឲ្យបំភ្លឺជាបន្ទាន់

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបង្គាប់ឲ្យនគរបាលពាក់ស័ក្ដិ៥ ឈ្មោះ ខៀវ សុងច័ន្ទសុធា ដែលរងការរិះគន់យ៉ាងខ្លាំងពីមហាជនតាមបណ្ដាញសង្គម ពីបទប្រើពាក្យសម្ដីគំរាមវាយខ្នោះចាប់ពលរដ្ឋម្នាក់ដាក់គុក បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ត្រូវចូលខ្លួនបំភ្លឺ និងធ្វើរបាយការណ៍នៅអង្គភាពរបស់ខ្លួន។

នគរបាលស័ក្ដិ៥

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះថា៖ «យើងបានតាមដានយ៉ាងយកចិត្ដទុកដាក់ និងកំពុងពិនិត្យករណីនេះ ឱ្យបានសព្វគ្រប់ជ្រុងជ្រោយ។ ចំពោះសាមីខ្លួន គឺអាចសរសេររបាយការណ៍បំភ្លឺមកអង្គភាពខ្លួន និង/ឬអង្គភាពខ្លួនមានសមត្ថកិច្ចឲ្យសាមីខ្លួនបំភ្លឺរឿងហេតុនេះ ដើម្បីមានមូលដ្ឋានធ្វើមូលវិចារណ៍។ ទន្ទឹមនឹងនេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏មានសមត្ថកិច្ចដូចគ្នា»។

សូមជម្រាបថា នគរបាលរូបនេះមានតួនាទីជាអនុប្រធាននាយកដ្ឋាន ក្នុងអង្គភាពចំណុះក្រសួងមហាផ្ទៃ។ ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កន្លែងកើតហេតុ

ប្រភពបានឲ្យដឹងថា លោក ខៀវ សុងច័ន្ទសុធា បានបើករថយន្ដម៉ាក Camry ពណ៌ស្ករ ពាក់ផ្លាកលេខនគរបាល 2-0798 ចតនៅខាងស្ដាំដៃនៃផ្លូវ។ ពេលនោះស្រាប់តែមានរថយន្ដម៉ាក Chevrolet Tracker ពណ៌ស (អ្នកបើកបរស្រវឹង) បើកមកប៉ះខាងក្រោយផ្នែកខាងឆ្វេង បណ្ដាលឲ្យខូចខាត។

បើទោះបីអ្នកបើកបររថយន្ដ Chevrolet Tracker ស្ថិតក្នុងស្ថានភាពស្រវឹងក៏ពិតមែន ប៉ុន្ដែគាត់មិនបានគេចវេសពីកន្លែងកើតហេតុនោះទេ ពោលបានព្យាយាមសម្របសម្រួលដោះស្រាយ ដោយព្រមចេញសំណងចំនួន ៥០០ដុល្លារ។

រថយន្តកើតហេតុ

ក្រោយមក ពេលកំពុងឈរចាំយកលុយពីក្រុមគ្រួសារមកសងសំណង ស្រាប់តែនគរបាលរូបនេះបានស្រែកគំរាមឲ្យនគរបាលមូលដ្ឋានចាប់វាយខ្នោះ ដាក់គុកអ្នកបើករថយន្ដដែលប៉ះរថយន្ដរបស់ខ្លួនតែម្ដង។ លើសពីនេះ ក្រោយស្រែកគំរាមរួច គាត់បានលូកដៃយកបារីអេឡិចត្រូនិកមកជក់នៅមុខមហាជន ដែលជាទំនិញហាមឃាត់របស់រាជរដ្ឋាភិបាល។

បារីអេឡិចត្រូនិក

សកម្មភាពទាំងអស់នេះរបស់នគរបាល ខៀវ សុងច័ន្ទសុធា បានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបានរកឃើញថា កន្លងមកនគរបាលរូបនេះក៏ធ្លាប់មានរឿងអាស្រូវជេរប្រមាថទៅលើអ្នកដឹកជញ្ជូនទំនិញផងដែរ។

គួរបញ្ជាក់ថា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏កំពុងចាត់វិធានការលើករណីនេះដូចគ្នា ដើម្បីធានាបាននូវវិន័យ និងក្រមសីលធម៌របស់មន្ត្រីនគរបាលជាតិ៕

administrator

Related Articles