មេដឹកនាំពិភពលោកភាគច្រើនកំពុងប្រកាន់ឥរិយាបថ «រង់ចាំមើល» ដោយគ្មានប្រតិកម្មអ្វីឡើយ ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការពន្យារពេលបទឈប់បាញ់ជាឯកតោភាគីដោយគ្មានកំណត់ កាលពីថ្ងៃអង្គារ៍។

ក្រៅពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shahbaz Sharif ដែលបានចេញលិខិតអរគុណលោក ត្រាំ ចំពោះការទទួលយកសំណើពន្យារពេលបទឈប់បាញ់នោះ គ្មានមេដឹកនាំណាផ្សេងទៀតបានចេញមុខឆ្លើយតបឡើយ។ ប៉ាគីស្ថានកំពុងបន្តដើរតួជាអ្នកសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់។
តាមរបាយការណ៍របស់ New York Post និង Axios លោក ត្រាំ បានបង្ហាញថា ការចរចាជុំទីពីរអាចប្រព្រឹត្តទៅក្នុងរយៈពេល «៣៦ ទៅ ៧២ ម៉ោង» ខាងមុខ។ មន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះបានប្រាប់ Axios ថា លោក ត្រាំ ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់បទឈប់បាញ់រយៈពេល ៣ ទៅ ៥ ថ្ងៃទៀត ដើម្បីឲ្យភាគីអ៊ីរ៉ង់សម្រុះសម្រួលគ្នាឯកភាពលើសំណើកិច្ចព្រមព្រៀង។
ចាប់តាំងពីការចរចាលើកទី១បរាជ័យ កាលថ្ងៃទី៨ ខែមេសា ថ្នាក់ដឹកនាំអ៊ីរ៉ង់បានអះអាងពីការបាត់បង់ជំនឿចិត្តក្នុងការចរចាជាមួយរដ្ឋបាលលោក ត្រាំ។ រហូតមកទល់ពេលនេះ ភាគីអ៊ីរ៉ង់មិនទាន់បញ្ជាក់ពីការចូលតុចរចាជាថ្មីនៅឡើយទេ។
ទន្ទឹមនឹងនេះ ប្រភពប៉ាគីស្ថានបានបញ្ជាក់ថា បទឈប់បាញ់នៅតែមានសុពលភាព ដោយគ្មានការប្រឈមមុខដាក់គ្នាផ្នែកយោធាពីភាគីណាមួយឡើយ។ ទោះជាយ៉ាងណា មេដឹកនាំពិភពលោកភាគច្រើននៅតែរក្សាភាពស្ងៀមស្ងាត់ ដោយសារតែការសង្ស័យលើនិរន្តរភាពនៃបទឈប់បាញ់ និងភាពមិនច្បាស់លាស់របស់ទីក្រុងតេអេរ៉ង់៕
