អ៊ីរ៉ង់បានចាប់ផ្តើមដាក់ពង្រាយមីនសមុទ្របន្ថែមទៀតនៅច្រកសមុទ្រ Hormuz ជាលើកទី២ហើយ ទោះបីជាកាលពីមួយសប្តាហ៍មុន លោក ដូណាល់ ត្រាំ ប្រកាសថា អ៊ីរ៉ង់ព្រមសហការបោសសម្អាតគ្រាប់មីនក៏ដោយ។
តាមការផ្សាយរបស់ New York Post នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន មើលឃើញទ័ពជើងទឹកនៃកងឆ្មាំបដិវត្តឥស្លាម (IRGC) ចាប់ផ្តើមចល័តកម្លាំងនៅច្រក Hormuz និងពង្រាយមីនសមុទ្រថែមទៀតជាច្រើន។

ទន្ទឹមនឹងការប្តេជ្ញាចិត្តមិនបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយចោទថាអាមេរិក-អ៊ីស្រាអែល រំលោភបទឈប់បាញ់ ឥឡូវនេះអ៊ីរ៉ង់បានដាក់ពង្រាយមីនសមុទ្រថែមទៀត ធ្វើឲ្យស្ថានការណ៍ជម្លោះនិងការធ្វើនាវាចរណ៍កាន់តែស្មុគស្មាញ។
សហរដ្ឋអាមេរិក បញ្ជាក់ថា ខ្លួនកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់។ នេះជាការដាក់ពង្រាយមីនសមុទ្រលើកទី២ តាំងពីសង្គ្រាមដែលអាមេរិកចាប់ដៃអ៊ីស្រាអែលវាយអ៊ីរ៉ង់ ផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការដាក់មីនលើកដំបូង ក្រុមអ្នកជំនាញជឿថា អ៊ីរ៉ង់ ប្រហែលពង្រាយមិនដល់១០០គ្រាប់ឡើយ តែមកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថា មីនប៉ុន្មានគ្រាប់បានផ្ទុះ និងប៉ុន្មានគ្រាប់នៅសល់។
ការបោសសម្អាតមីននេះ គឺជាកិច្ចការដ៏ចាំបាច់បំផុត ដើម្បីផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ ជាពិសេសកប៉ាល់ដឹកប្រេងដែលត្រូវឆ្លងកាត់ច្រក Hormuz៕
