រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បានដាក់គោលដៅថ្មីមួយទៀត ដោយនាងនឹងនាំយកឈុតស្បៃ និងភ្លេងបុរាណខ្មែរ ទៅបង្ហាញ និងសម្តែងនៅលើឆាកអន្តរជាតិជាថ្មីនៅប្រទេសហ្វីលីពីន ។

នេះជាគោលដៅថ្មីមួយទៀតសម្រាប់តារាចម្រៀងរូបនេះ បន្ទាប់ពីនាងទើបតែទទួលបានជោគជ័យជាទីមោទនៈ នៅក្នុងការនាំយករបាំបុរាណខ្មែរទៅសម្តែងអមជាមួយនាងលើឆាកដ៏ធំក្នុងប្រទេសហ្វីលីពីនកាលពីពេលថ្មីៗនេះ ។

យ៉ាងណាបើទោះបីជា ទេព បូព្រឹក្ស នៅមិនទាន់បញ្ជាក់ពីពេលវេលាដែលនាងត្រូវទៅសម្តែងនៅហ្វីលីពីនម្តងទៀតក៏ដោយ ប៉ុន្តែតារារូបនេះបានដាក់គោលដៅច្បាស់លាស់ពីការនាំយកអ្វីដែលជាសិល្បៈវប្បធម៌របស់ខ្មែរយកទៅបង្ហាញអោយអន្តរជាតិបានស្គាល់បន្ថែមទៀត ។

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម តារាចម្រៀងនាង ទេព បូព្រឹក្ស បានគូសបញ្ជាក់ថា វគ្គនេះ របាំវគ្គក្រោយដល់ម៉ោងថែមស្បៃនឹងបង្ហាញឧបករណ៍ភ្លេងបុរាណខ្មែរម្តង see you soon again Philippines ។

ជាការកត់សម្គាល់ អ្នកសិល្បៈ និងមហាជនសម្តែងមោទនភាពចំពោះ ទេព បូព្រឹក្ស និង ជី ដេវីត ដែលនាំសិល្បៈវប្បធម៌ខ្មែរសម្តែងលើឆាកដ៏ធំនៅហ្វីលីពីនកាលពីពេលថ្មីៗនេះ ។ ទេព បូព្រឹក្ស និងលោក ជី ដេវីត បានក្លាយជាតារាចម្រៀងតំណាងប្រទេសកម្ពុជា នៅក្នុងការចូលរួមកម្មវិធី ASEAN-Korea Music Festival 2026 ROUND ដែលរៀបចំធ្វើនៅក្នុងប្រទេសហ្វីលីពីន ។

អ្វីដែលជាការចាប់អារម្មណ៍ និងទាក់ទាញសម្រាប់ទស្សនិកជននោះ គឺផ្ទាំងទស្សនីយភាពទម្រង់សិល្បៈបុរាណខ្មែរមួយចំនួនត្រូវបានរំលេចឡើងនៅលើឆាកតន្ត្រីដ៏អស្ចារ្យមួយនេះ ។ ជាមួយការឡើងបកស្រាយចម្រៀងបទ ទេវរាជ និង វីរៈនារី តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស ក៏បានរំលេចនូវការសម្តែងទម្រង់សិល្បៈបុរាណមានដូចជា របាំអប្សរា និងល្ខោនខោលជាដើម ។
