NOCC ប្រកាសចែកសំបុត្រឥតគិតថ្លៃ សម្រាប់ទស្សនាការចាក់បញ្ចាំងពិធីបើកស៊ីហ្គេម 2023 ឡើងវិញ

NOCC ប្រកាសចែកសំបុត្រឥតគិតថ្លៃ សម្រាប់ទស្សនាការចាក់បញ្ចាំងពិធីបើកស៊ីហ្គេម 2023 ឡើងវិញ

រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសពីការរៀបចំការចាក់បញ្ចាំងពិធីបើកកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ឡើងវិញនៅរោងភាពយន្ត ដើម្បីរម្លឹកខួបអនុស្សារីយ៍៣ឆ្នាំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនូវមហាព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដ៏អស្ចារ្យប្រកបដោយជោគជ័យ។

ពិធីបើកស៊ីហ្គេម 2023

ដើម្បីជាភាពងាយស្រួលក៏ដូចជាការប្រកួកប្រកាសទៅដល់ស្រទាប់មហាជនខ្មែរបានចូលទស្សនាការចាក់បញ្ចាំងឡើងវិញនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងធ្វើការចែកសំបុត្រចូលទស្សនាដោយឥតគិតថ្លៃនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

ចំពោះទីតាំងដែលត្រូវចែកជូនមានដូចជា៖ នៅរោងភាពយន្តសប្បាយ Sabay Cinema ផ្សារទំនើបអីអនមានជ័យ ចំនួន៥០០សន្លឹក។ នៅរោងភាពយន្ត Legend Cinema នៅផ្សារទំនើបអូឡាំព្យា ចំនួន២៥០សន្លឹកនៅថ្ងៃទី៥ខែឧសភា។

សំបុត្រចូលទស្សនាឥតគិតថ្លៃ

ចំណែកកីឡាករ កីឡាការិនី គ្រូបង្វឹកជម្រើសជាតិ ព្រមទាំងបងប្អូន ពូមីង អាចមកទទួលសំបុត្រដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៣ខែមេសានេះតទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលមានទីតាំងនៅជាប់រង្វង់មូលវត្តសំពៅមាស។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ គឺជាប្រវត្តិសាស្ត្រដំបូងដែលបានកើតឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទាំងពិធីបើកនិងពិធីបិទ ត្រូវបានគេចាត់ទុកជាការរៀបចំដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេមដែលបានបង្ហាញពីភាពរុងរឿងសម្បូរបែបប្រកបដោយសក្ដានុពលរបស់កម្ពុជា ទាំងសិល្បៈ វប្បធម៌និងប្រាសាទនានាដ៏អស្ចារ្យ។

ពិធីបើកស៊ីហ្គេម 2023

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំជាលើកដំបូង កម្ពុជាទទួលបានជោគជ័យធំធេងបំផុតសម្រាប់ការរៀបចំមហាព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍មួយនេះ ទាំងផ្នែកសម័យទំនើបនិងបូរាណ។

ដើម្បីសម្លឹកខួបអនុស្សារីយ៍រយៈពេល៣ឆ្នាំកន្លងផុតទៅ និងការស្វះស្វែងរកការឧបត្ថម្ភគាំទ្រដល់អត្តពលិកកម្ពុជា ឆ្ពោះទៅកីឡាអូឡាំពិកឆ្នាំ២០២៩ កម្ពុជាសម្រេចដាក់បញ្ចាំងឡើងវិញនូវពិធីបើកស៊ីហ្គេម ក្នុងគោលបំណងរួមមាន៖ ទី១.រម្លឹកពីជោគជ័យជាប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំអសរយៈពេល៦៤ឆ្នាំ សម្រាប់កីឡាស៊ីហ្គេមដំបូងនៅកម្ពុជា។ ទី២ដើម្បីដាស់ស្មារតីចងចាំ “ខ្មែរធ្វើបាន ហើយធ្វើបានដ៏អស្ចារ្យថែមទៀត” ទី៣ចងចាំព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យ កើតឡើងជាថ្មី នៅឆ្នាំ២០៣១។ ទី៤ផ្ដល់ការឧបត្ថម្ភគាំទ្រដល់យុទ្ធនាការរកជំនួយឧបត្ថម្ភដល់អត្តពលិកកម្ពុជា សម្រាប់ឆ្ពោះទៅអូឡាំពិកនៅឆ្នាំ២០២៩និងទី៥រួមគ្នាដើម្បីក្រុមកីឡាអូឡាំពិកកម្ពុជា។

ការចែកសំបុត្រឥតគិតថ្លៃ

អត្ថបទសរសេរដោយ អ៊ុំ សំអូន

កែសម្រួលដោយ ធីតា

administrator

Related Articles