ភ្នំពេញ៖ ក្រសួងព័ត៌មាន ស្ថាប័នអន្តរក្រសួង និងដៃគូអភិវឌ្ឍន៍អន្តរជាតិចំនួន៥ បានបន្តកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន ក្នុងគោលបំណងធានា និងលើកកម្ពស់សិទ្ធិស្ត្រី កុមារ និងក្រុមជនងាយរងគ្រោះនៅកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធកំពុងបន្តរៀបចំលិខិតបទដ្ឋាន វិធាន និងគោលការណ៍ណែនាំផ្សេងៗ ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពសារព័ត៌មាន គាំទ្រដល់អ្នកសារព័ត៌មានទូទាំងប្រទេសឱ្យដំណើរការប្រកបដោយសណ្តាប់ធ្នាប់ វិជ្ជាជីវៈ និងលើកកម្ពស់សិទ្ធិកុមារ ស្ត្រី និងជនងាយរងគ្រោះ។

លោកបន្តថា ចាប់តាំងពីដើមឆ្នាំ២០២៦ ក្រុមការងារបានទទួលការដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការរៀបចំក្របខណ្ឌកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយក្រសួង-ស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ក្នុងគោលបំណងកសាងយន្តការរួមមួយប្រកបដោយភាពសុគតភាព ក្នុងការគ្រប់គ្រងនិងតម្រង់ទិសការផ្សព្វផ្សាយព័ត៌មាន។

លោកក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អពីដៃគូអន្តរជាតិ រួមមាន Plan International Cambodia, Save the Children Cambodia, World Vision International, UNICEF Cambodia និង អង្គការ Care ដែលបានចូលរួមផ្លាស់ប្តូរធាតុចូលជាមួយអ្នកជំនាញក្រសួងព័ត៌មាន ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពការងារ។
សូមបញ្ជាក់ថា៖ ការរៀបចំគោលការណ៍ណែនាំនេះ ជាការបន្តបេសកកម្មរបស់ក្រសួងព័ត៌មានក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់ លោក នេត្រ ភក្ត្រា ដោយផ្តោតលើការពង្រឹងភាពជាដៃគូជាមួយតួអង្គក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីអភិវឌ្ឍនិងពង្រឹងគុណភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះ នឹងនាំមកនូវរបត់ថ្មីមួយក្នុងវិស័យសារព័ត៌មានកម្ពុជា ដែលមិនត្រឹមតែផ្តល់ព័ត៌មានលឿនរហ័សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ចំពោះច្បាប់និងសង្គមជាតិផងដែរ។
ដោយ៖ សំរិត
