ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ចិន ដឹកនាំដោយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន កាលពីថ្ងៃទី២២ ខែមេសា នៅវិមានសន្តិភាព។
កិច្ចប្រជុំនេះធ្វើឡើងក្នុងឱកាសដែលរដ្ឋមន្ត្រីទាំងពីរអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” កម្ពុជា-ចិន ចាប់ពីថ្ងៃទី២២-២៣ ខែមេសា។
សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំព្រះរោគ និងផ្តល់បដិសណ្ឋារកិច្ចកក់ក្តៅថ្វាយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើវិស័យសំខាន់ៗដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកសិកម្ម។ ភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមិត្តដែកថែប ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។
សម្តេចធិបតីក៏បានជម្រាបជូនគណៈប្រតិភូអំពីការវិវត្តន៍ព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ជំហរដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ។
ប្រភព៖ CCFR
