ភ្នំពេញ៖ ក្រុមការងារចម្រុះរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅអគារ BAOLI INTER CITY សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់ឯកឧត្តមឃួង ស្រេង និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ។

លទ្ធផលនៃការបង្ក្រាប៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ៤០នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ចំនួន ៣ ករណីផ្សេងគ្នា៖
១. ករណីឆបោកអូសទាញឱ្យវិនិយោគ៖ ឃាត់ខ្លួនជនសង្ស័យ ២២នាក់ (ចិន ២០នាក់ និងរុស្ស៊ី ២នាក់) ដកហូតទូរសព្ទដៃ ៥២៨គ្រឿង កុំព្យូទ័រលើតុ ៣៥គ្រឿង និងធុង CPU ៣០គ្រឿង។

២. ករណីប្រើរូបភាពនារីស្អាតៗបោកប្រាស់លេងល្បែង៖ ឃាត់ខ្លួនជនជាតិបង់ក្លាដេស ១២នាក់ ដកហូតកុំព្យូទ័រយួរដៃ ៥គ្រឿង។

៣. ករណីស្នាក់នៅខុសច្បាប់៖ រកឃើញជនបរទេស ៦នាក់ (ថៃ មីយ៉ាន់ម៉ា វៀតណាម ចិន) គ្មានលិខិតឆ្លងដែន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ សូមបញ្ជាក់ថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្ដាលខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបានបង្ក្រាបបទល្មើសបច្ចេកវិទ្យាជាង ២៥០ករណី បណ្ដេញជនបរទេសជាង ១៣ ០០០នាក់ និងជនស្ម័គ្រចិត្តចាកចេញជាង ២៤១ ០០០នាក់។
ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)
