តម្លៃប្រេងពិភពលោកឡើងដល់ជាង ១០០ ដុល្លារវិញ ក្រោយការចរចាអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងពិភពលោកឡើងដល់ជាង ១០០ ដុល្លារវិញ ក្រោយការចរចាអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងអន្តរជាតិបាន​កើនឡើងជាបន្តបន្ទាប់ លើស ១០០ ដុល្លារ/បារ៉ែល ​ជាថ្មី ក្រោយធ្លាក់ចុះក្រោមកម្រិតនេះអស់រយៈពេល ២ សប្ដាហ៍ ចំពេលការចរចាសន្ដិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវជាប់គាំង ដោយ​ប្រទេសទាំង២បន្ត​បិទច្រកហ័រមូហ្សតាមវិធីរៀងៗខ្លួន។

តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ០,៤៧ ដុល្លារ ឬ ០,៤៦% ដល់ ១០២,៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០​ ព្រឹក នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI វិញ បាន​កើនឡើង ០,៦៤ ដុល្លារ ឬ ០,៦៩% ដល់ ៩៣,៦០ ដុល្លារ/បារ៉ែល។

តម្លៃប្រេងទាំង២ បាន​កើនឡើងជាង ៣ ដុល្លារ​ ពេលបិទការជួញដូរកាលពីថ្ងៃពុធ ដោយសារតែការធ្លាក់ចុះច្រើនជាងការរំពឹងទុក​នៃប្រេងចម្រាញ់ក្នុងស្ដុករបស់អាមេរិក ដែលបង្ហាញពីតម្រូវការរឹងមាំ និងអវត្តមាន​នៃវឌ្ឍនភាពក្នុងការចរចាសន្ដិភាពអាមេរិក-អ៊ីរ៉ង់។

ខណៈលោក ត្រាំ បានពង្រីកពេលអនុវត្តបទឈប់បាញ់តាមសំណើរបស់ប៉ាគីស្ថាន ​ភាពតានតឹងនៅតែខ្ពស់ ដោយ​អ៊ីរ៉ង់ និង​អាមេរិកនៅតែរឹត​ត្បឹតការដឹកជញ្ជូន​ឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវសំខាន់ដឹកជញ្ជូនប្រេង និងឧស្ម័ន ២០% ស្រាប់ទីផ្សារពិភព​លោក។

កាលពីថ្ងៃពុធ អ៊ីរ៉ង់បាន​រឹបអូសនាវា ២ គ្រឿងនៅ​ច្រកហ័រមូហ្ស ខណៈ​អាមេរិកបន្តបិទផ្លូវ​ទឹក​សម្រាប់​ពាណិជ្ជកម្មចេញចូលកំពង់ផែ​អ៊ីរ៉ង់។ មន្រ្តី​អ្នកចរចា​អ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បាននិយាយថា បទឈប់បាញ់ពេញលេញអាស្រ័យលើការដកចេញនូវការបិទ​ខ្ទប់នោះ។

ទន្ទឹមនឹងនេះ ​អាមេរិកបានស្ទាក់ចាប់នាវាដឹកប្រេងអ៊ីរ៉ង់យ៉ាងហោចណាស់ ៣ គ្រឿងនៅក្នុងដែនទឹកអាស៊ី ​ដោយ​បានបង្វែរពួកគេចេញពីតំបន់ជិតប្រទេស​ឥណ្ឌា ម៉ាឡេស៊ី និងស្រីលង្កា។

ទោះបីជាលោក ​ត្រាំ ធ្លាប់​បានគំរាម​កម្ទេចហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ក៏ដោយ លោកបានបន្ធូរការគំរាម ដោយ​មិនបានកំណត់កាលបរិច្ឆេទបញ្ចប់សម្រាប់បទឈប់បាញ់នោះទេ។ យ៉ាងណាមិញ ទីផ្សារប្រេងអន្តរជាតិនៅតែប្រែប្រួលខ្លាំង ដោយវិនិយោគិនបន្តឃ្លាំមើលពីការវិវត្តប្រចាំថ្ងៃ​នៃជម្លោះ ចំពេលដំណោះស្រាយរយៈពេលវែងមិនទាន់លេចចេញនៅឡើយ៕

administrator

Related Articles