
សហភាពអឺរ៉ុប (EU) បានបង្ហាញសញ្ញាវិជ្ជមានក្នុងការបញ្ចេញកញ្ចប់ប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ (ប្រហែល ១០៦ពាន់លានដុល្លារ) ជួយស្ដារសេដ្ឋកិច្ច និងពង្រឹងវិស័យការពារជាតិអ៊ុយក្រែន ក្រោយពីហុងគ្រី និងស្លូវ៉ាគីលែងប្រឆាំង។ នេះបើតាមទីភ្នាក់ងារ WSJ នៅថ្ងៃទី២២ ខែមេសា។

ការសម្រេចនេះកើតឡើងក្រោយរដ្ឋាភិបាលហុងគ្រី និងស្លូវ៉ាគីបញ្ជាក់ថា អ៊ុយក្រែនបានដំណើរការបំពង់បង្ហូរប្រេង Druzhba ឡើងវិញ ដែលដឹកប្រេងឆៅរុស្ស៊ីទៅកាន់ប្រទេសទាំងពីរ។ ហុងគ្រីនាំចូលប្រេងរុស្ស៊ី ៨៦-៩២% ឯស្លូវ៉ាគីពឹងស្ទើរទាំងស្រុង។

អ្នកការទូតម្នាក់បញ្ជាក់ថា ការចុះហត្ថលេខាចុងក្រោយគ្រោងនៅថ្ងៃព្រហស្បតិ៍ ខណៈហុងគ្រីរង់ចាំប្រេងរុស្ស៊ីមកដល់តាមបំពង់ Druzhba ក្រោយទីក្រុងកៀវប្រកាសដំណើរការឡើងវិញ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី សរសើរការដោះសោប្រាក់កម្ចីនេះថាជា «សញ្ញាត្រឹមត្រូវ» និងបញ្ជាក់ថា អ៊ុយក្រែនបានបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះ EU រួមទាំងបញ្ហាបំពង់បង្ហូរប្រេង។

ប្រាក់កម្ចីនេះជាប្រភពហិរញ្ញប្បទានសំខាន់សម្រាប់អ៊ុយក្រែនពីឆ្នាំ ២០២៦-២០២៧។ ពីរភាគបីនៃទឹកប្រាក់នឹងត្រូវចំណាយលើវិស័យការពារជាតិ និងនៅសល់សម្រាប់ថវិកាផ្សេងៗ។ ការចំណាយគ្រោងចាប់ពីចុងខែឧសភា ឬដើមខែមិថុនា ពេលអ៊ុយក្រែនប្រឈមហានិភ័យខ្វះធនធាន។
អត្ថបទ៖ សាង ស្រីល័ក្ខ
