ខេត្ត Kochi របស់ប្រទេសជប៉ុន កំពុងផ្តល់ប្រាក់លើកទឹកចិត្ត ១២៥ដុល្លារ ដល់យុវជននៅលីវ (Single) អាយុចាប់ពី ២០ ទៅ ៣៩ឆ្នាំ ដើម្បីប្រើប្រាស់កម្មវិធីណាត់ជួប (Dating App) ស្វែងរកដៃគូស្នេហាតាមអ៊ីនធឺណិត។ នេះជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតជាច្រើនទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃអត្រាកំណើតរបស់ប្រទេសនេះ។
យោងតាមសារព័ត៌មានអង់គ្លេស The Independent ផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ប្រាក់ឧបត្ថម្ភនេះគ្របដណ្តប់លើការចំណាយនៃកម្មវិធីណាត់ចួប រួមទាំងកម្មវិធីពេញនិយមដូចជា Tapple ផងដែរ។
មន្ត្រីម្នាក់បានលើកឡើងថា៖ «ប្រាក់ឧបត្ថម្ភនេះប្រហាក់ប្រហែលនឹងថ្លៃសេវាប្រចាំឆ្នាំសម្រាប់ការប្រើប្រាស់គេហទំព័រណាត់ជួប ហើយអ្នកប្រើប្រាស់នឹងត្រូវស្ទង់មតិពេលក្រោយ ដើម្បីមើលថាគម្រោងនេះដំណើរការជោគជ័យឬអត់»។
ខេត្ត Kochi ក៏បានសហការជាមួយម្ចាស់កម្មវិធី Tapple ក្នុងខែធ្នូ ដើម្បីលើកទឹកចិត្តដល់ការណាត់ជួបតាមអ៊ីនធឺណិតដែលមានសុវត្ថិភាព និងអាចទុកចិត្តបានជាងមុន។ មន្ត្រីខេត្តម្នាក់ប្រាប់សារព័ត៌មាន Sankei Shimbun ថា៖ «អត្រាថ្លៃជាសមាជិកប្រចាំឆ្នាំគឺលើសពី ១២៥ដុល្លារបន្តិច! ដូច្នេះយើងកំណត់ចំនួនទឹកប្រាក់នេះ ដើម្បីគ្របដណ្តប់លើការចំណាយទាំងអស់នៃកម្មវិធីណាត់ចួប»។
មិនតែប៉ុណ្ណោះ មានខេត្តមួយចំនួនក្នុងប្រទេសជប៉ុនចង់ធ្វើតាមគំរូរបស់ខេត្ត Kochi ដែរ ប៉ុន្តែផ្តល់ទឹកប្រាក់តិចជាងនេះ។
យ៉ាងណា ប្រតិកម្មតាមអ៊ីនធឺណិតមានភាពចម្រុះ។ ខណៈមនុស្សមួយចំនួនបានស្វាគមន៍គំនិតនេះ អ្នកផ្សេងទៀតអះអាងថា បញ្ហាធំៗដូចជាភាពតានតឹងផ្នែកហិរញ្ញវត្ថុ ម៉ោងធ្វើការយូរ និងការចំណាយលើការចិញ្ចឹមកូនកំពុងធ្វើឱ្យទំនាក់ទំនង និងអាពាហ៍ពិពាហ៍មានភាពលំបាក។
គួរបញ្ជាក់ថា កម្មវិធីណាត់ជួបគឺជាមធ្យោបាយទូទៅសម្រាប់យុវជននៅក្នុងប្រទេសជប៉ុន ដើម្បីស្វែងរកដៃគូស្នេហា។ ការស្ទង់មតិរបស់រដ្ឋាភិបាលឆ្នាំ២០២៤ រកឃើញថា ប្រហែលមួយក្នុងចំណោមបួននាក់ដែលរៀបការហើយ អាយុក្រោម ៣៩ឆ្នាំ បានជួបប្តីឬប្រពន្ធរបស់ពួកគេតាមអ៊ីនធឺណិត ច្រើនជាងតាមការងារ ឬសាលារៀន។
រីឯចំនួនប្រជាជនប្រទេសជប៉ុនកាន់តែតិចទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសនៅតំបន់ជនបទដូចជាទីក្រុង Kochi ជាកន្លែងដែលយុវជនជាច្រើនបានផ្លាស់ទីលំនៅ។
