ខ្យល់ពុល PM2.5 កម្រិតក្រហមគ្របដណ្ដប់ពាក់កណ្ដាលប្រទេសថៃ ប្រជាពលរដ្ឋជាង១០លាននាក់រងផលប៉ះពាល់

ខ្យល់ពុល PM2.5 កម្រិតក្រហមគ្របដណ្ដប់ពាក់កណ្ដាលប្រទេសថៃ ប្រជាពលរដ្ឋជាង១០លាននាក់រងផលប៉ះពាល់

មិនមែនត្រឹមរលកកម្តៅនិងព្យុះខែប្រាំងប៉ុណ្ណោះទេ ថៃក៏កំពុងរងការវាយប្រហារដោយផ្សែងពុលផងដែរ ដោយកាលពីថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២៦ កំហាប់ភាគល្អិត PM2.5 ក្នុងកម្រិតគ្រោះថ្នាក់ បានគ្របដណ្តប់ពាក់កណ្តាលប្រទេសនេះទៅហើយ។

ខ្យល់ពុលថៃ

សារព័ត៌មាន The Nation បានដកស្រង់ទិន្នន័យពីមជ្ឈមណ្ឌលកាត់បន្ថយការបំពុលខ្យល់ (CAPM) ដែលបញ្ចេញរបាយការណ៍កាលពីល្ងាចថ្ងៃពុធថា PM2.5 ក្នុងកម្រិតប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស បានគ្របដណ្តប់ខេត្តថៃចំនួន៣៨ ដែលក្នុងនោះតំបន់ភាគខាងជើង ត្រូវរងគ្រោះខ្លាំងជាងគេ។

នៅភាគខាងជើង ខេត្តចំនួន៥បានឈានដល់កម្រិតប្រកាសអាសន្នធ្ងន់ធ្ងរពណ៌ក្រហមដូចជា Chiang Rai, Chiang Mai, Mae Hong Son, Lamphun និង Lampang ដោយ PM2.5 ឈានដល់ ១២៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ខណៈកម្រិតស្តង់ដារដែលកំណត់ដោយរដ្ឋាភិបាលថៃ គឺត្រឹម ៣៧.៥មីក្រូក្រាមប៉ុណ្ណោះ។

មួយឆ្នាំៗ ប្រជាជនថៃរាប់លាននាក់ កើតជំងឺដោយសារខ្យល់ពុល ខណៈយោងតាមទិន្នន័យក្នុងឆ្នាំ២០២៥ ប្រជាជនថៃរហូតដល់ទៅជាង ១០លាននាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារតែឥទ្ធិពល PM2.5។ ក្នុងចំណោមមនុស្សទាំងជាង១០លាននាក់នោះ ភាគច្រើនមានបញ្ហាផ្លូវដង្ហើម ដូចជាជំងឺហឺតនិងជំងឺស្ទះសួតរ៉ាំរ៉ៃ ហើយអ្នកខ្លះមានឡើងកន្ទួលលើស្បែកនិងបញ្ហាភ្នែក។ ក្នុងករណីធ្ងន់ធ្ងរបំផុត អ្នកជំងឺផ្លូវដង្ហើមខ្លះ ត្រូវការជំនួយពីម៉ាស៊ីនដកដង្ហើមជាចាំបាច់ដើម្បីរស់ ហើយខ្លះឈានដល់ការជំងឺមហារីកសួតតែម្តង។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles