អស់រយៈពេលជាង ៦ សប្តាហ៍មកហើយ បន្ទាប់ពីការប្រកាសឡើងកាន់តំណែងជាអ្នកដឹកនាំកំពូលថ្មីបន្តពីឪពុក លោក Mojtaba Khamenei នៅតែមិនទាន់បង្ហាញខ្លួន ឬបញ្ចេញសំឡេងឲ្យប្រជាជនអ៊ីរ៉ង់បានឃើញ និងបានឮនៅឡើយទេ។
ក្នុងស្ថានភាពដែលប្រទេសកំពុងប្រឈមមុខនឹងសង្គ្រាមដ៏គ្រោះថ្នាក់បំផុត ការបាត់មុខរបស់លោកបានបង្កើតឲ្យមានមន្ទិលសង្ស័យយ៉ាងខ្លាំង។ រាល់សារដែលចែកចាយលើកញ្ចក់ទូរទស្សន៍ជាតិ ឬបណ្ដាញសង្គម សុទ្ធតែជាអត្ថបទដែលគេយកមកអានឲ្យ ឬជាវីដេអូដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI ដែលធ្វើឲ្យមានការសង្ស័យថា លោកអាចនឹងកំពុងមានរបួសធ្ងន់ ឬក៏កំពុងស្ថិតនៅឯបរទេស។
ភាពខុសប្លែកគ្នានេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ បើប្រៀបធៀបទៅនឹងសម័យកាលឪពុករបស់លោក គឺលោក Ali Khamenei ដែលជាបុរសខ្លាំងតែងតែបង្ហាញមុខជាសាធារណៈរៀងរាល់សប្តាហ៍ដើម្បីចេញបញ្ជា និងសម្រេចចិត្តលើកិច្ចការធំៗ។
យោងតាមប្រភពព័ត៌មានពី CNN លោក Mojtaba អាចនឹងរងរបួសបាក់ជើង និងមានស្នាមរបួសលើផ្ទៃមុខ ក្នុងព្រឹត្តិការណ៍វាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ ដែលបានសម្លាប់ឪពុករបស់លោក។ របាយការណ៍ខ្លះទៀតថា លោកនៅតែចូលរួមប្រជុំតាមរយៈប្រព័ន្ធសំឡេង ប៉ុន្តែអ្នកជំនាញយល់ថា ប្រព័ន្ធដឹកនាំរបស់អ៊ីរ៉ង់បច្ចុប្បន្នកំពុងប្រើប្រាស់ឈ្មោះរបស់លោកគ្រាន់តែជា «ខែលការពារ» ដើម្បីបញ្ចៀសការរិះគន់ពីផ្ទៃក្នុងតែប៉ុណ្ណោះ។
![]()
ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា អ៊ីរ៉ង់កំពុងមានការផ្លាស់ប្តូររបប ហើយលោកបានហៅអ្នកចរចាថ្មីរបស់អ៊ីរ៉ង់ថាជា «មនុស្សសមហេតុផល»។ ទោះជាយ៉ាងណា ការចរចាសន្តិភាពនៅប្រទេសប៉ាគីស្ថានក្នុងសប្ដាហ៍នេះបានទទួលបរាជ័យ ដោយសារអ្នកចរចាអ៊ីរ៉ង់មិនបានមកបង្ហាញខ្លួន ដែលនាំឲ្យលោកត្រាំយល់ថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងមានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។
ដើម្បីឆ្លើយតបនឹងរឿងនេះ ទីក្រុងតេហេរ៉ង់បានព្យាយាមបង្ហាញរូបភាពសាមគ្គីភាព ដោយលើកតម្កើងលោក Mohammad Bagher Ghalibaf ប្រធានសភា និងជាអតីតមេបញ្ជាការកងទ័ពបដិវត្តន៍អ៊ិស្លាម ឲ្យក្លាយជាតួអង្គសំខាន់ក្នុងការដឹកនាំការចរចាជាមួយអាមេរិក។
បច្ចុប្បន្ន អ្នកនយោបាយអ៊ីរ៉ង់ដែលនៅរស់រានមានជីវិត កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត ដោយម្ខាងត្រូវដោះស្រាយសម្ពាធពីការអត្ថាធិប្បាយរបស់លោកត្រាំ និងម្ខាងទៀតត្រូវទប់ទល់នឹងក្រុមអ្នកនិយមជ្រុលក្នុងស្រុកដែលចាត់ទុកការសម្រុះសម្រួលជាមួយអាមេរិកថាជាការ «ចុះចាញ់»។ រាល់ការសម្រេចចិត្តធំៗ ដូចជាការបើកច្រកសមុទ្រហ័រមូស សុទ្ធតែរងការរិះគន់ពីអ្នកគាំទ្ររបបនេះថាធ្វើឡើងដោយគ្មានការយល់ព្រមពីមេដឹកនាំកំពូល។
ដរាបណាលោក Mojtaba នៅតែបន្តបាត់មុខពីសាធារណជនបែបនេះ សំណួរអំពីអ្នកកាន់អំណាចពិតប្រាកដនៅអ៊ីរ៉ង់ នឹងកាន់តែជះឥទ្ធិពលខ្លាំងដល់ជោគវាសនានៃការចរចាសន្តិភាព៕
