សោកសៅ! ជីតាអាយុ៨០ឆ្នាំជាអាចារ្យវត្ត ប្រទះឃើញស្បែកជើងចៅមាត់ស្រះ ចុះរាវរកឃើញចៅប្រុសលង់ទឹកស្លាប់ក្នុងវត្ត

សោកសៅ! ជីតាអាយុ៨០ឆ្នាំជាអាចារ្យវត្ត ប្រទះឃើញស្បែកជើងចៅមាត់ស្រះ ចុះរាវរកឃើញចៅប្រុសលង់ទឹកស្លាប់ក្នុងវត្ត

ខេត្តកណ្តាល៖ ករណីសោកនាដកម្មដ៏រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង ១២:៣០ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តសុវណ្ណសាគរ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល បន្ទាប់ពីក្មេងប្រុសអាយុត្រឹមតែ ៥ឆ្នាំម្នាក់ ត្រូវបានរកឃើញសាកសពនៅក្នុងស្រះទឹកក្នុងវត្ត ដោយមូលហេតុលង់ទឹកស្លាប់។

រូបភាពកន្លែងកើតហេតុ

លោកវរសេនីយ៍ត្រី អាន សំអុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ បានឲ្យដឹងថា កុមាររងគ្រោះឈ្មោះ ហេង លីហួរ អាយុ ៥ឆ្នាំ រស់នៅជាមួយជីតាឈ្មោះ ស្រូយ លាង អាយុ ៨០ឆ្នាំ ដែលជាគណៈកម្មការវត្តសុវណ្ណសាគរ និងបានស្នាក់នៅក្នុងវត្តជាមួយគ្នា។

តាមការបំភ្លឺរបស់លោកតាប្រាប់សមត្ថកិច្ចថា រាល់ព្រឹកចៅតែងរត់លេងក្នុងវត្តដូចសព្វមួយដង។ លុះមុនពេលកើតហេតុ យាយបានហៅរកចៅតែមិនឃើញ ក៏ស្រែកប្រាប់លោកតាឲ្យជួយរក។ ពេលនោះលោកតាបានជិះកង់ដើរសួរគេឯង តែនៅតែរកមិនឃើញ។ ក្រោយមក លុះត្រឡប់មកក្នុងវត្តវិញ ដើរមើលតាមស្រះទឹក ស្រាប់តែឃើញស្បែកជើងចៅម្ខាងនៅលើគោក និងម្ខាងទៀតនៅក្នុងទឹក។ ដោយមានការសង្ស័យ លោកតាក៏បានចុះរាវរកមួយសន្ទុះ ទើបរាវប៉ះដៃចៅ និងទាញយកមកលើគោក ប៉ុន្តែចៅបានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយពេលសមត្ថកិច្ចជំនាញ និងគ្រូពេទ្យចុះមកពិនិត្យកន្លែងកើតហេតុ និងពិនិត្យលើដងខ្លួនសព គឺពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ដោយសន្និដ្ឋានថាកុមាររងគ្រោះពិតជាស្លាប់ដោយសារការលង់ទឹកប្រាកដមែន។ បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

administrator

Related Articles