ភ្នំពេញ៖ ថ្នាក់ដឹកនាំកម្ពុជាបានផ្តល់កិត្តិយស និងអំណោយលើកទឹកចិត្តដល់បុគ្គលិកសម្អាតអនាម័យ និងកងកម្លាំងប្រជាការពារចំនួន ៧០៦នាក់ ដែលបានលះបង់កម្លាំងកាយចិត្តបំរើការងារក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ពិធីចែកអំណោយនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងអំណរគុណចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានជ្រើសរើសរាជធានីភ្នំពេញធ្វើជាកន្លែងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៩ ខែមេសា ដោយទទួលបានការចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ សរុបជាង ៦.៦៧ លាននាក់ ដែលធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ១។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណដល់បុគ្គលិកសម្អាតអនាម័យ និងកងកម្លាំងប្រជាការពារទាំងអស់ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នគរសង្ក្រាន្តទទួលបានជោគជ័យយ៉ាងធំធេង។

លោក ហ៊ុន ម៉ានី បានបន្ថែមថា អំណោយទាំងនេះជាការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី។ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គ.ក្រាម, ទឹកត្រី-ទឹកស៊ីអ៊ីវ ១យូរ (៦ដប), ទឹកបរិសុទ្ធ ១កេស, ភេសជ្ជៈ ១កេស, មី ១កេសតូច និងថវិកា ៥០,០០០រៀល។

លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ ដោយគ្មានហេតុការណ៍គ្រោះថ្នាក់ធំដុំណាមួយកើតឡើងឡើយ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចូលរួមលេងកម្សាន្តប្រកបដោយស្នាមញញឹម សាមគ្គីភាព ក្រោមម្លប់សន្តិភាព និងសុវត្ថិភាព។

លោក ហ៊ុន ម៉ានី ក៏បានរំលឹកថា ការបង្កើតព្រឹត្តិការណ៍នគរសង្ក្រាន្តក៏បានគិតគូរដល់ទាហានជួរមុខ និងជនភៀសសឹក ដោយមិនភ្លេចពួកគាត់ឡើយ សូម្បីតែក្នុងឱកាសចូលឆ្នាំថ្មី។

