អនុរដ្ឋលេខាធិការដឹកនាំលែងកន្ធាយក្បាលកង្កែបជិតផុតពូជ ១៥ក្បាល ចូលទន្លេមេគង្គក្រចេះ

អនុរដ្ឋលេខាធិការដឹកនាំលែងកន្ធាយក្បាលកង្កែបជិតផុតពូជ ១៥ក្បាល ចូលទន្លេមេគង្គក្រចេះ

ខេត្តក្រចេះ៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញអភិរក្សជលផល លែងកន្ធាយក្បាលកង្កែប (Pelochelys cantorii) ចំនួន ១៥ក្បាល ចូលទៅក្នុងដែនទឹកធម្មជាតិ នៅភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

ការលែងកន្ធាយក្បាលកង្កែប

ដំណើរបេសកកម្មនេះ មានការចូលរួមពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល, លោក នេត្រ វិបុល នាយករងអង្គការ WCS, អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍មួយចំនួន។

ក្រុមការងារអភិរក្ស

នាឱកាសនោះ កញ្ញា អ៊ឹម រចនា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជូនដល់សហគមន៍ដែលបានចូលរួមអភិរក្សទីជម្រកសត្វកម្រតាមដងទន្លេមេគង្គ។ កញ្ញាក៏បានលើកទឹកចិត្តឱ្យបន្តការងារការពារសំបុក ការអប់រំ ផ្សព្វផ្សាយ ការអនុវត្តច្បាប់ និងគម្រោងលើកស្ទួយជីវភាពប្រជាសហគមន៍។

ថ្លែងអំណរគុណដល់សហគមន៍

សូមជម្រាបជូនថា សត្វកន្ធាយក្បាលកង្កែប ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជ ដោយបញ្ជីក្រហម IUCN និងជាប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា។ បច្ចុប្បន្ន តាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង គឺជារបាយរស់នៅតែមួយគត់ដែលមានវត្តមានសត្វនេះច្រើនជាងគេលើពិភពលោក។

កន្ធាយក្បាលកង្កែប

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦នេះ សំបុកកន្ធាយក្បាលកង្កែបចំនួន ១៤សំបុក ត្រូវបានរកឃើញ និងការពារ។ ជាលទ្ធផល កូនកន្ធាយចំនួន ៩៥ក្បាល ត្រូវបានញាស់ដោយជោគជ័យ និងមេពូជចំនួន ០១ ត្រូវបានជួយសង្គ្រោះ និងនាំយកទៅថែទាំនៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។

ការអភិរក្សសត្វល្មូន
មជ្ឈមណ្ឌលអភិរក្ស
ក្រុមការងារអភិរក្ស
សហគមន៍អភិរក្ស
ទន្លេមេគង្គ

administrator

Related Articles