រូបភាពបង្ហាញពីការឃាត់ខ្លួនជនសង្ស័យ

ភ្នំពេញ៖ ជនសង្ស័យ ០២នាក់ ប្រុសស្រី ត្រូវបាននគរបាលប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានសម្រេច ក្រោយពួកគេបានធ្វើស៊ីម៉ូតូ និងទ្រព្យសម្បត្តិផ្សេងទៀតរបស់អ្នកស្គាល់គ្នា។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ០៤ទាបភ្លឺ ឈានចូលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះសំណាក់មួយកន្លែង តាមបណ្តោយផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា វេលាម៉ោងប្រហែល ១ទាបភ្លឺ មានការផ្អើលឆោរឡោរនៅក្បែរពួកគាត់ ថាមានករណីអ្នកស្គាល់គ្នា បានធ្វើស៊ីម៉ូតូ ០១គ្រឿង ម៉ាក ហុងដា ប៊ីត ទូរស័ព្ទដៃ ០១គ្រឿង រួមនិងកាបូបដៃចំនួន ០១ នៅចំណុចហាងមួយកន្លែង រួចយករត់គេចខ្លួនបាត់ស្រមោល។

លុះមកដល់វេលាម៉ោង ៤ទាបភ្លឺ ជនរងគ្រោះបានតាមប្រព័ន្ធ GPS ដែលភ្ជាប់ជាមួយម៉ូតូ ចាប់តាំងពីចំណុចក្នុងមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ រហូតដល់មូលដ្ឋានសង្កាត់ស្ទឹងមានជ័យ ក្នុងផ្ទះសំណាក់មួយកន្លែង។ ភ្លាមៗសមត្ថកិច្ចបានចុះឃាត់ជនសង្ស័យប្រុសស្រី ០២នាក់ កំពុងសម្រាកក្នុងផ្ទះសំណាក់ ដោយដកហូតសម្ភារពាក់ព័ន្ធ និងបញ្ជូនទៅកាន់ប៉ុស្តិ៍ទន្លេបាសាក់។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ត្រូវបាននគរបាលបញ្ជូនទៅកាន់ប៉ុស្តិ៍ទន្លេបាសាក់ នៃអធិការខណ្ឌចំការមន ដើម្បីបន្តនីតិវិធីច្បាប់ ៕
