តេហេរ៉ង់៖ តុលាការអ៊ីរ៉ង់កាលពីថ្ងៃទី២៣ ខែមេសា បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាបានចេញផ្សាយព័ត៌មានក្លែងក្លាយទាក់ទងនឹងករណីនារីអ៊ីរ៉ង់ដែលលោកអះអាងថារងការគំរាមកំហែងប្រហារជីវិត តែអាចគេចផុតដោយសារសំណើរបស់លោក។
សារព័ត៌មាន MIZAN របស់រដ្ឋអំណាចតុលាការអ៊ីរ៉ង់ បានអះអាងនាយប់ថ្ងៃទី២២ ខែមេសាថា លោក ត្រាំ មានតែដៃទទេនៅទីលាន ដែលផ្ទុយពីការអះអាងពីជ័យជម្នះរបស់លោកតាមរយៈព័ត៌មានក្លែងក្លាយ។ មុននេះ លោក ត្រាំ បានអះអាងថា តាមសំណើរបស់លោក អាជ្ញាធរអ៊ីរ៉ង់បានបោះបង់ចោលការប្រហារជីវិតនារីបាតុករ៨នាក់ ដោយក្នុងចំណោមនោះ ៤នាក់នឹងត្រូវដោះលែង និង ៤នាក់ទៀតនឹងត្រូវកាត់ទោសដាក់គុកត្រឹមមួយខែ។

តាមបណ្ដាញសង្គម Truth Social លោក ត្រាំ បានបន្តថា នេះជាដំណឹងដ៏ល្អបំផុត ហើយលោកពិតជាដឹងគុណយ៉ាងខ្លាំងដល់អ៊ីរ៉ង់ និងបណ្ដាមេដឹកនាំរបស់ខ្លួន ដែលបានគោរពតាមសំណើរបស់លោក។ ប៉ុន្តែក្រុងតេហេរ៉ង់ នាថ្ងៃទី២១ ខែមេសា បានបដិសេធការលើកឡើងដែលថា មាននារីជាច្រើននាក់អាចមានទោសប្រហារជីវិត។ លោក ត្រាំ ជាថ្មីម្ដងទៀត បែរជាធ្វើឲ្យមានការយល់ច្រឡំតាមរយៈការបញ្ចេញព័ត៌មានក្លែងក្លាយ។
តាមការពិត ក្នុងចំណោមនារីជាច្រើនដែលគេថាប្រុងប្រហារជីវិតនោះ មួយចំនួនត្រូវបានដោះលែងរួចទៅហើយ ចំណែកអ្នកដទៃទៀត ជាកម្មវត្ថុនៃការបន្តកាត់ក្ដី ដែលអាចមានទោសត្រឹមដាក់គុកប៉ុណ្ណោះ។ នេះបញ្ជាក់ថា ការអះអាងរបស់លោក ត្រាំ គឺគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។
