មន្ត្រីនគរបាលជាន់ខ្ពស់ ប្រើអំណាចគំរាមវាយខ្នោះបញ្ជូនភាគីទៅគុក ក្រោយកើតគ្រោះថ្នាក់ចរាចរណ៍នៅច្បារអំពៅ

មន្ត្រីនគរបាលជាន់ខ្ពស់ ប្រើអំណាចគំរាមវាយខ្នោះបញ្ជូនភាគីទៅគុក ក្រោយកើតគ្រោះថ្នាក់ចរាចរណ៍នៅច្បារអំពៅ

ភ្នំពេញ៖ មហាជនកំពុងរិះគន់យ៉ាងខ្លាំងលើទង្វើរបស់លោក ខៀវ សុខច័ន្ទសុធា អនុប្រធាននាយកដ្ឋាននគរបាលមួយរូប ដែលប្រើពាក្យសម្ដីគំរាមកំហែង និងស្រែកថានឹងវាយខ្នោះភាគីម្ខាងទៀតយកទៅដាក់គុក បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ខណៈការចរចាមិនទាន់ឈានដល់ការដោះស្រាយ។

រថយន្តកើតហេតុ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៤៩យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវជាតិលេខ១ ក្បែរភោជនីយដ្ឋាន «ឫស្សីស្រស់» ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ទិដ្ឋភាពកន្លែងកើតហេតុ

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តស្លាកលេខនគរបាលរបស់មន្ត្រីរូបនេះ បានឈប់ចតនៅអែបខាងស្ដាំដៃក្បែរចិញ្ចើមផ្លូវ។ ស្រាប់តែមានបុរសម្នាក់ដែលទើបចេញពីបរិភោគអាហារ និងគ្រឿងស្រវឹង បើករថយន្តមកបុកចំចំហៀងខាងក្រោយ បណ្ដាលឱ្យខូចខាតទាំងសងខាង។

អ្វីដែលធ្វើឱ្យអ្នកឃើញហេតុការណ៍ហួសចិត្ត គឺនៅពេលភាគីទាំងពីរចុះមកចរចា មន្ត្រីរូបនេះមិនបានប្រើវិធីសន្តិវិធី ឬផ្អែកលើច្បាប់ចរាចរណ៍ទេ តែបែរជាស្រែកគំរាមវាយខ្នោះ និងបញ្ជូនភាគីទៅពន្ធនាគារភ្លាមៗ។

ការចរចានៅកន្លែងកើតហេតុ

សកម្មភាពអាងអំណាចនេះ បានធ្វើឱ្យមហាជនសម្ដែងការមិនពេញចិត្តជាខ្លាំង ខណៈក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ គួរតែរក្សាភាពស្ងប់ស្ងាត់ និងទុកឱ្យសមត្ថកិច្ចជំនាញចរាចរណ៍សម្របសម្រួលតាមនីតិវិធី។

បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះមកអន្តរាគមន៍ដើម្បីបន្តនីតិវិធី។

ពាក់ព័ន្ធករណីនេះ លោកបណ្ឌិត ទូច សុខៈ (សុឃៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃទី២៤ ខែមេសា ថា ថ្នាក់ដឹកនាំក្រសួងបានឃើញហើយ និងកំពុងពិនិត្យករណីនេះឱ្យបានសព្វគ្រប់ជុងជ្រោយ៕

ដោយ៖ សិលា

administrator

Related Articles