ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញគោលការណ៍ថ្មី «៥មិន ៥ត្រូវ» សម្រាប់យោធិនកងអាវុធហត្ថគ្រប់រូបត្រូវយល់ដឹង។

គោលការណ៍ «៥មិន»
ទី១៖ មិនមែនជាឈាបនដ្ឋានសម្រាប់បូជាសពអ្នកបង្កស្លាប់ដោយផឹកស៊ីស្រវឹង គ្រោះថ្នាក់ចរាចរណ៍ ឬឈ្លោះប្រកែកវាយដំគ្នានោះទេ។
ទី២៖ មិនមែនជាវត្តអារាម។
ទី៣៖ មិនមែនជាមណ្ឌលអប់រំកែប្រែអ្នកប្រើប្រាស់គ្រឿងញៀន។
ទី៤៖ មិនមែនជាមន្ទីរពេទ្យព្យាបាលជំងឺរ៉ាំរ៉ៃ។
ទី៥៖ មិនខ្ជះខ្ជាយ មិនមែនជាកន្លែងចាំតែទទួលប្រាក់បៀវត្សពីពន្ធប្រជាជន រួចដើរចោលអង្គភាពមិនធ្វើការនោះទេ។
គោលការណ៍ «៥ត្រូវ»
ទី១៖ ហ្វិកហាត់លេងកីឡាជាប្រចាំពង្រឹងសុខភាពកាយសម្បទា។
ទី២៖ រៀនសូត្របង្កើនចំណេះដឹង ពង្រឹងសមត្ថភាពទាំងច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យបទបញ្ជា។
ទី៣៖ ហ្វិកហ្វឺនយោធា និងវិជ្ជាជីវៈកងរាជអាវុធហត្ថឲ្យស្ទាត់ជំនាញ។
ទី៤៖ ការពារជាតិ អធិបតេយ្យភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្ក្រាបបទល្មើស។
ទី៥៖ សន្សំសំចៃ ធ្វើអនាម័យ ដាំដើមឈើ ថែរក្សាបរិស្ថាន និងគ្រប់គ្រងអាវុធគ្រឿងបំពាក់ឲ្យគង់វង់។

លោកបានថ្លែងថា សម័យបច្ចុប្បន្នមនុស្សទទួលបានព័ត៌មានលឿនរហ័ស ទើបលោកបង្កើតគំនិតអប់រំនេះឡើងដោយសង្ខេបខ្លីៗងាយៗ ពាក់ព័ន្ធតួនាទីបេសកកម្ម និងភាពអសកម្មក្នុងសង្គម។ លោកបានចោទសួរថា «ក្រោយការអប់រំ យើងជួបសួរលមើលតើពួកគេចងចាំឬអត់? ម្យ៉ាងវិញទៀតចង់ឲ្យពួកគេចេះគិតត្រិះរិះពិចារណា កុំឲ្យរង់ចាំនិយាយតាម AI ឬជឿលើព័ត៌មានបោកប្រាស់»។

ប្រភព៖ (អហ)
