ក្រុមហ៊ុនយក្សថៃ Siam Cement Public Company Limited (SCC ឬ SCG) បានប្រកាសគ្រោងផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ននៅរោងចក្រគីមីឥន្ធនៈ Long Son Petrochemicals នៅប្រទេសវៀតណាម ចាប់ពីពាក់កណ្តាលខែឧសភានេះតទៅ។ ការសម្រេចចិត្តនេះធ្វើឡើងដោយសារការរំខានផ្នែកផ្គត់ផ្គង់វត្ថុធាតុដើមយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជម្លោះភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer កាលពីថ្ងៃព្រហស្បតិ៍ (២៣ មេសា)។

នៅក្នុងឯកសារដាក់ជូនទៅផ្សារភាគហ៊ុនថៃ ក្រុមហ៊ុន SCC បានគូសបញ្ជាក់ថា ស្ថានភាពនៅមជ្ឈិមបូព៌ានៅតែបន្តប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ ដោយគ្មានសញ្ញាណាមួយបញ្ជាក់ពីពេលវេលាច្បាស់លាស់សម្រាប់ការដោះស្រាយវិបត្តិនេះឡើយ។ កិច្ចខិតខំប្រឹងប្រែងស្វែងរកវត្ថុធាតុដើមពីប្រភពផ្គត់ផ្គង់ជំនួស តាមរយៈការដឹកជញ្ជូនដែលមិនប្រើច្រកសមុទ្រហ័រមូហ្ស បានបណ្តាលឱ្យមានការចំណាយខ្ពស់កើនឡើង និងការរឹតបន្តឹងការផ្គត់ផ្គង់ជាបន្តបន្ទាប់។
SCC បានបញ្ជាក់ថា ការផ្អាកដំណើរការរោងចក្រ Long Son Petrochemicals Co., Ltd. (LSP) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធខាងគីមីរបស់ខ្លួន គឺជាការចាំបាច់បន្ទាប់ពីមានការលំបាកជាបន្តបន្ទាប់ក្នុងការធានាវត្ថុធាតុដើមក្នុងតម្លៃសមរម្យ និងមានប្រភពផ្គត់ផ្គង់ដែលអាចទុកចិត្តបាន។

ការបិទដំណើរការជាបណ្តោះអាសន្ននេះ ត្រូវបានគេរំពឹងថានឹងបង្កឱ្យមានការចំណាយសាច់ប្រាក់ថេរប្រហែល ២៥០ លានបាតក្នុងមួយខែ (ប្រហែល ៧.៥ លានដុល្លារ)។ គួរបញ្ជាក់ផងដែរថា កាលពីខែមីនាកន្លងទៅ SCC បានប្រកាសផ្អាកប្រតិបត្តិការនៅរោងចក្រ Rayong Olefins របស់ខ្លួននៅក្នុងប្រទេសថៃផងដែរ ដោយសារតែស្ថានភាពដូចគ្នា។

គួររម្លឹកថា វិបត្តិបិទច្រកសមុទ្រហ័រមូហ្ស ដែលបណ្ដាលមកពីជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កឱ្យមានការរាំងស្ទះយ៉ាងធ្ងន់ធ្ងរដល់ការនាំចេញប្រេង និងផលិតផលគីមីចេញពីតំបន់មជ្ឈិមបូព៌ា។ ស្ថានការណ៍នេះ បានធ្វើឱ្យការផ្គត់ផ្គង់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ ត្រូវធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ៕
