ការផ្លាស់ប្តូររដ្ឋាភិបាលនៅហុងគ្រីក្នុងខែមេសានេះ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ផ្ទៃក្នុងទេ តែបានក្លាយជាការរុញច្រានដ៏ខ្លាំងក្លាមួយដល់គោលនយោបាយការបរទេសរបស់ EU ទាំងមូល។
ការបាត់បង់អំណាចរបស់លោក Viktor Orbán ដែលកាន់អំណាច១៦ឆ្នាំ បានដកចេញនូវឧបសគ្គដ៏ធំបំផុតដែលធ្លាប់រារាំងសាមគ្គីភាពអឺរ៉ុប។ ហុងគ្រីលែងដាក់វេតូរារាំងជំនួយអ៊ុយក្រែនទៀតហើយ ដោយបានយល់ព្រមតាមសម្លេងភាគច្រើន EU អនុញ្ញាតឲ្យកញ្ចប់ជំនួយ ៩០ ពាន់លានអឺរ៉ូត្រូវបានអនុម័ត។ នេះជាសារព្រមានដល់រុស្ស៊ីថាការបំបែកបំបាក់អឺរ៉ុបលែងមានប្រសិទ្ធភាពទៀតហើយ។
ចំណែកអ៊ីស្រាអែលវិញ ហុងគ្រីធ្លាប់ជាសម្ព័ន្ធមិត្តស្មោះត្រង់បំផុតរបស់លោក Netanyahu នៅEU។ កាលពីមុន ហុងគ្រីតែងតែរារាំង EUមិនឲ្យរិះគន់សកម្មភាពយោធាអ៊ីស្រាអែលនៅហ្គាហ្សា។ ប៉ុន្តែបច្ចុប្បន្ន EU អាចមានសម្លេងរួមគ្នាកាន់តែម៉ឺងម៉ាត់ក្នុងការទាមទារបទឈប់បាញ់ និងគោលនយោបាយតុល្យភាពជាងមុនរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
រដ្ឋាភិបាលថ្មីរបស់លោក Péter Magyar ចង់ស្តាររូបភាពហុងគ្រីឡើងវិញ និងដោះលែងថវិកាដែល EU បង្កក ដូច្នេះត្រូវតម្រឹមគោលនយោបាយការបរទេសឲ្យស្របតាម EU និងបញ្ឈប់ការដើរផ្ទុយពីគេលើបញ្ហាសន្តិសុខពិភពលោក។
អត្ថបទ៖ សាង ស្រីល័ក្ខ
