ភ្នំពេញ៖ ភោជនីយដ្ឋានយីហោឫស្សីស្រស់មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ចុះឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់ រួមទាំងវត្ថុតាងជាច្រើន កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។
តាមប្រភពពីកម្លាំងសមត្ថកិច្ចជំនាញបានឱ្យដឹងថា ទីតាំងហាងខាងលើនេះ ត្រូវបានអង្គការមួយបានចុះស៊ើបអង្កេតជាក់ស្តែង ហើយក៏បានរាយការណ៍ទៅកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចុះមកបង្ក្រាបជាក់ស្តែងតែម្តង។
បន្ទាប់ពីកម្លាំងជំនាញបញ្ចប់ប្រតិបត្តិការបង្ក្រាបទីតាំងហាងយីហោឫស្សីស្រស់ ឃើញថាមានការឃាត់ខ្លួនម្ចាស់ទីតាំង និងបុគ្គលិកនារីៗ រួមទាំងអ្នកពាក់ព័ន្ធបម្រើការក្នុងហាង ព្រមទាំងវត្ថុតាងមួយចំនួនធំ បញ្ជូនតាមរថយន្តយកទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្តតាមនីតិវិធីច្បាប់។
ចំណែកអ្នកដែលមិនពាក់ព័ន្ធ សមត្ថកិច្ចក៏បានបញ្ជូនឱ្យត្រឡប់ទៅផ្ទះវិញផងដែរ។
ដោយ៖ ភារ៉ា ដង្កោ
